ភ្នំពេញ ៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ និងដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ។ សាលានេះ មានតួនាទីរៀបចំ និងបង្កើតកម្មវិធីសិក្សា ផ្ដល់វគ្គហ្វឹកហ្វឺនខ្លី និងមធ្យម និងសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ជុំវិញគោលនយោបាយគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ។
ថ្លែងប្រាប់មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្រី ជុំ ម៉ៅលក្ខិណា អភិបាលរងស្រុកស្វាយជ្រុំ បានលើកឡើងថា ការទទួលបាននូវវគ្គបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន ពិតជាមានសារសំខាន់ណាស់ ប្រៀបដូចជាប្រទីបបង្ហាញផ្លូវដល់សិក្ខាកាមដែលជាអភិបាលរងស្រុក ខណ្ឌទើបនឹងចូលកាន់តំណែង ដូចរូបលោកស្រីផ្ទាល់ ដែលត្រូវបង្កើនសមត្ថភាព ចំណេះ ជំនាញបន្ថែមទៀត យកមកអនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។
បើតាមលោកស្ដ្រីអភិបាលរង ក្រោយពីទទួលបានឱកាសពីថ្នាក់ដឹកនាំ លោកស្រីបានចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន២ដង ដែលលើទី១គឺ វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី ជំនាន់ទី២៤ ឆ្នាំ២០២២ ដោយនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីសិក្ខាកាមជាស្ដី្រអភិបាលរងក្រុង ស្រុក ខណ្ឌ មានរយៈពេលសិក្សាមួយសប្ដាហ៍ និងទី២ គឺវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិតមួយ មានរយៈពេល១៥ថ្ងៃ គឺសិក្សាដោយផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញ(Zoom)។
លោកស្រីអភិបាលរងបានរម្លឹកទៀតថា«គ្រប់វគ្គបណ្ដុះបណ្ដាល សុទ្ធតែផ្តល់នូវចំណោះដឹង និងបទពិសោធន៍ ដែលអភិបាលរងក្រុង ស្រុក ខណ្ឌ អាចបង្កើននូវទំនុកចិត្ត និងភាពក្លាហាន ឱ្យមានភាពជាអ្នកដឹកនាំមួយកម្រិតទៀតនៅក្នុងអង្គភាព និងបណ្ដុះឱ្យមានភាពច្នៃប្រឌិតច្រើន ដើម្បីឱ្យអង្គភាពមានការរីកចម្រើន ជាពិសេសហ៊ានសម្រេចចិត្តដោះស្រាយនូវបញ្ហានានា ក៏ដូចជាបំពេញនូវសេវាតម្រូវការ សេវាសំណូមពរ បានលឿន រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់»។
លោកស្រីបានបញ្ជាក់ទៀតថា មុនពេលបំពេញការងារជាអភិបាលរងស្រុក លោកស្រីបម្រើការងារនៅក្រសួងបរិស្ថានមានការខ្វះខាតបទពិសោធន៍ការងារថ្នាក់មូលដ្ឋានដែលទាមទារឱ្យមានការបណ្ដុះបណ្ដាល និងរៀនសូត្របន្ថែមដើម្បីពង្រឹងសមត្ថភាពយកមកអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកស្រីអភិបាលរងបន្តថា «ការឆ្លងកាត់នូវវគ្គបណ្ដុះបណ្ដាលនីមួយៗ ខ្ញុំទទួលបានបទពិសោធថ្មីៗជាច្រើន មិនត្រឹមតែមេរៀននោះទេ គឺតាមរយៈសិក្ខាកាមដែលជាអភិបាលរងក្រុង ស្រុក ខណ្ឌ ដែលជារៀមច្បងបានប្រឡូកការងារយូរ ក៏បានចែករំលែកនូវបទពិសោធន៍ថ្មីៗអំពីការអនុវត្តការប្រចាំថ្ងៃរបស់គាត់ ដែលខ្ញុំអាចយកមកសិក្សារៀនសូត្របន្ថែម»។
លោក អ៊ឹង សុវណ្ណារ័ត្ន អភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏បានលើកឡើងមិនខុសពីលោកស្រីអភិបាលរងដែរ។ លោកថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនីមួយៗ សុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាព និងពង្រឹងជំនាញបន្ថែម។ លោកបន្តថា នៅសាលាជាតិរដ្ឋបាលមូលដ្ឋាននេះមាន គោលដៅធំគឺ ឱ្យមន្ត្រីមានការអភិវឌ្ឍ ទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ពោលគឺក្នុងជីវិតជាមន្ត្រីរាជការចំណេះដឹងពិតជាមានសារៈសំខាន់ក្នុងការជួយការងារប្រទេសជាតិឱ្យមានការរីកចម្រើន។
លោក អ៊ឹង សុវណ្ណារ័ត្ន ក៏បានបញ្ជាក់ដែរថា ការចូលរៀនវគ្គគ្រប់គ្រងកម្រិតមួយរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ លោកបានសិក្សារៀនសូត្រ បន្ថែម អំពី កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ អភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងបុគ្គលិក ការរៀបធ្វើការងារជាក្រុមឱ្យមានប្រសិទ្ធភាព ការរៀបចំគោលនយោបាយមូលដ្ឋាន ការគ្រប់គ្រងគ្រោះមហន្តរាយ ការគ្រប់គ្រងផ្អែកលើលទ្ធផល មុខវិជ្ជា បរិយាបន្ននិងសីលធម៌សង្គម ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ សេវាសាធារណៈ តែងអត្ថបទ ការអភិវឌ្ឍបុគ្គល (សំដៅលើការគ្រប់គ្រងការងារប្រចាំថ្ងៃ) ព័ត៌មានវិទ្យា ភាពជាអ្នកដឹកនាំ និងសរសេរគម្រោង។
លោកបន្តថា វគ្គបណ្ដុះបណ្ដាលទាំងនេះ ក៏បានបង្រៀនអំពីការបែងចែកអាទិភាពការងារ ចេះប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យមានប្រសិទ្ធភាព ចេះស្ដាប់យោបល់ពីអ្នកដទៃ ចេះលើកទឹកអ្នកដទៃបញ្ចេញមតិយោបល់ និងចេះធ្វើការងារជាក្រុម ជាពិសេស គឺចេះពីរបៀបប្រាស្រ័យទាក់ទងជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទៅនៅតាមវេទិកាសាធារណៈបានយ៉ាងល្អ។ លោកបន្ថែមថា«ការទទួលបានឱកាសបណ្ដុះបណ្ដាលនេះ ពិតជាជះឥទ្ធិពលវិជ្ជមានសម្រាប់ខ្លួនខ្ញុំ និងការងារដែលត្រូវបំពេញជាប្រចាំថ្ងៃ ជាពិសេសក៏បានបានពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ ក្នុងការគ្រប់គ្រងចាត់ចែងការងារផ្សេងឱ្យទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ»។
រម្លឹកប្រវត្តិផ្ទាល់ខ្លួនបន្តិច លោក អ៊ឹង សុវណ្ណារ័ត្ន បានឱ្យដឹងថានៅក្នុងឆ្នាំ២០១៦ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំជាភាសាអង់គ្លេស និងបរិញ្ញាបត្រ នីតិសាស្រ្ត ព្រមទាំងបានបន្តសិក្សានៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈ នៅចុងឆ្នាំ២០១៧។ ដោយការស្រឡាញ់ លោកក៏បានដាក់ពាក្យប្រឡងនៅសាលាភូមិន្ទរដ្ឋបាល ជាប់ជាសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ ឯកទេសរដ្ឋបាលសាធារណៈ និងបានចូលកាន់តំណែងជាអភិបាលរងស្រុកស្ទឹងហាវ រយៈពេល៣ឆ្នាំហើយ។
សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយអនុក្រឹត្យលេខ ១៩២អនក្រ.បកចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ នៅឆ្នាំ២០២១ សាលានេះបានរៀបចំរួចរាល់នូវរចនាសម្ព័ន្ធ និងដំណើរការជាផ្លូវការ។ ដោយឡែក ត្រីមាសទី១ ឆ្នាំ២០២៥នេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៦វគ្គ មានសិក្ខាកាមចូលរួមសរុបចំនួន២១៨រូប ពាក់ព័ន្ធការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងផ្អែកលើលទ្ធផល ការតាក់តែងអត្ថបទ ការរៀបចំរបាយការណ៍ ការរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងជំនួយស្មារតី និងការងារពិធីការជាដើម៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ