ភ្នំពេញ ៖ ព្រះរាជសារ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
– សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់
– ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់
ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
– សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភាដ៏ឧត្តុង្គឧត្តម
– ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី
– បងប្អូនជនរួមជាតិ ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត
នាឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៤ នីតិកាលទី៧ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តី សោមនស្សរីករាយក្រៃលែង សូមទូលថ្វាយនូវសេចក្តីគោរពសក្ការៈថ្វាយ-ប្រគន សម្តេចព្រះមហា សង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសេចក្តីនឹករលឹកជូនដល់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
អង្គសភា និងបងប្អូនជនរួមជាតិជាទីស្នេហា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ។
ក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានា នៃ រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងារយ៉ាងសកម្មនៅតាមមណ្ឌល រាជធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែងមានជាអាទិ៍អំពីវឌ្ឍនភាព តម្រូវការបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយអន្តរាគមន៍ ដោះស្រាយបញ្ហា ប្រឈម និងសំណូមពរ ជូនដល់ប្រជារាស្ត្រ បានយ៉ាងច្រើនគួរកោតសរសើរ ។
បន្ថែមពីនេះ គណៈកម្មការនានារបស់រដ្ឋសភាក៏បានប្រជុំ ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ សំខាន់ៗនានា ដែលស្នើឡើងដោយរាជរដ្ឋាភិបាលនឹងត្រូវអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលខាងមុខ ផ្តល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្នេហានៃយើង ។
ជាមួយគ្នានេះ រដ្ឋសភាក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយ បានទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេស ជាមិត្ត ព្រមទាំងជាមួយអង្គទូតប្រចាំកម្ពុជា អង្គការជាតិនិងអន្តរជាតិនានា និងបានចូលរួមកិច្ចប្រជុំ អន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជាក្នុងការរួមចំណែកដ៏មានតម្លៃដល់ការថែរក្សា សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ និងសកលលោក ។
អាស្រ័យដោយមូលដ្ឋានច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិបានកសាងឡើង រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា ។
ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ក្នុងស្មារតីកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរ ឡើងជាលំដាប់ ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍ជនបទ ។
នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរចំពោះ សមាជិក សមាជិកា ទាំងអស់ នៃរដ្ឋសភា ដែលដឹកនាំ និងបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ គួរជា ទីមោទនៈជូនជាតិ មាតុភូមិ និងប្រជាជន ។
ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក សូមតាមបីបាច់ ថែរក្សាសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹង ព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ សូមប្រសិទ្ធពរ បវរសួស្តី ជ័យមង្គលមហាប្រសើរ ជូនសម័យ ប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ៕
ដោយ ៖ សិលា