សម្តេច ហ៊ុន ម៉ាណែត៖ យើងរើសអើងអី បើ ប្រទេសមហាអំណាចអត់រើសអើងគ្នា ផង គេធ្វើការជាមួយគ្នា!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥នេះ បាន រំលឹក ជាថ្មីថា សម្តេច រើសយក គ្រប់ដៃគូទាំងអស់ ពោលគឺទាំងចិន ទាំងសហរដ្ឋអាម៉េរិក ពោលគឺទាំងស្ពៃ ទាំងសាច់គោ។

នាពិធីអបអរការទទួលបាន ក្រុមហ៊ុន វិនិយោគ២០០នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ប្រមុខ រដ្ឋាភិបាល កម្ពុជា អះអាងថា បើទោះបីជាតំបន់នេះ កើតឡើង រវាងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក៏ដោយ ប៉ុន្តែក្រុមហ៊ុនវិនិយោគក៏មានមកពីសហរដ្ឋអាម៉េរិក បារាំង អឺរ៉ុប និង បណ្តា ប្រទេសផ្សេងទៀត ផងដែរ។

សម្តេចបញ្ជាក់ថា កម្ពុជាមិន មានការរើសអើងប្រទេសណាមួយឡើយ ជាពិសេស អាម៉េរិក និង ចិន ដែលប្រទេសទាំងពីរក៏កំពុងមាន ការចរចាគ្នាផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ៖ នៅអំឡុងការដាក់ដំឡើងពន្ធរបស់អាម៉េរិក មានក្រុមអ្នករិះគន់មួយចំនួនតូចបានលើកឡើងថា តើកម្ពុជាគួរជ្រើសរើសយកស្ពៃ(ចិន) ឬ ជ្រើសរើស សាច់គោ(អាម៉េរិក)? សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាត្រូវការទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងបង្គា បង្កង កំពឹស បន្លែ ផ្លែឈើគ្រប់ប្រភេទទាំងអស់ ដើម្បីសុខភាពយើងរឹងមាំ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ប្រទេសនានាគេមិនប្រកាន់អាម៉េរិក បារាំង ចិន អង់គ្លេសអ្វីនោះទេ គឺគេធ្វើការជាមួយគ្នា សហការជាមួយគ្នាទាំងអស់ តើចាំបាច់អ្វីដែលកម្ពុជាត្រូវជ្រើសរើសយកអ្នកនេះ ឬ អ្នកនោះ?
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ៖ យើងមិនឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែយើងសុខចិត្តមកឈឺក្បាលចំពោះការខិតស្វែងរកការងារធ្វើ បង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print