ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង៣ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើនដែលកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួលបានការរីកចម្រើន។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសម្ដែងនូវការអបអរចំពោះសមិទ្ធផល ដែលបានពង្រីកដល់២០០ក្រុមហ៊ុន មកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។
-សម្តេចធិបតី ថ្លែងថា បងប្អូនកម្មករ និយោជិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុឡើងដល់ជាងបីម៉ឺននាក់នោះមិនមែនជាតួលេខលើក្រដាសនោះទេ គឺ ជាតួលេខពិតប្រាកដ។ សម្តេច បានបង្ហាញនូវមោទនភាព ខណៈកំណើនការងារពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗនោះ។
-សម្តេចធិបតី ថ្លែងថា រោងចក្រសហគ្រាសនៅកម្ពុជា បានកើនឡើងដល់ជាងបួនម៉ឺនប្រាំពាន់រោងចក្រសហគ្រាស ហើយមានបងប្អូនកម្មករ និយោជិតបម្រើការ ងារជាង១លាន៦សែននាក់ ខណៈរកថវិកាបានជាង៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
-សម្ដេចធិបតី ថ្លែងថា រោងចក្រ សហគ្រាសនៅកម្ពុជាបច្ចុប្បន្នបានកើនដល់ជាងបួនម៉ឺនរោងចក្រ សហគ្រាស ដោយមានកម្មករធ្វើការនៅតាមរោងចក្រ សហគ្រាសទាំងនោះមានជិតពីរលាននាក់ និងទទួលបានប្រាក់ឈ្នួលជាងប្រាំពាន់លានដុល្លារក្នុងមួយឆ្នាំ។
– សម្ដេចធិបតី ថ្លែងថា កម្ពុជាស្វាគមន៍ទាំងអស់ មិនថាប្រទេសណានោះទេដែលមានបំណងចង់វិនិយោគនៅកម្ពុជា ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្វីត្បិតផ្គួចផ្ដើមបង្កើតឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ប៉ុន្ដែមានរោងចក្រប្រទេសអាមេរិក និងបារាំង ជប៉ុនជាដើម ក៏មានការវិនិយោគនៅទីនេះដែរ។
-សម្ដេចធិបតី ថ្លែងថា នៅអំឡុងការដាក់ដំឡើងពន្ធរបស់អាម៉េរិក មានក្រុមអ្នករិះគន់មួយចំនួនតូចបានលើកឡើងថា តើកម្ពុជាគួរជ្រើសរើសយកស្ពៃ(ចិន) ឬ ជ្រើសរើស សាច់គោ(អាម៉េរិក)? សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាត្រូវការទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងបង្គា បង្កង កំពឹស បន្លែ ផ្លែឈើគ្រប់ប្រភេទទាំងអស់ ដើម្បីសុខភាពយើងរឹងមាំ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា ប្រទេសនានាគេមិនប្រកាន់អាម៉េរិក បារាំង ចិន អង់គ្លេសអ្វីនោះទេ គឺគេធ្វើការជាមួយគ្នា សហការជាមួយគ្នាទាំងអស់ តើចាំបាច់អ្វីដែលកម្ពុជាត្រូវជ្រើសរើសយកអ្នកនេះ ឬ អ្នកនោះ?
– សម្ដេចធិបតី ថ្លែងថា យើងមិនឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែយើងសុខចិត្តមកឈឺក្បាលចំពោះការខិតស្វែងរកការងារធ្វើ បង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង។
– សម្ដេចធិបតី ថ្លែងបង្ហាញការសាទរ ខណៈ នាវាដឹកទំនិញខ្នាតធំបានដឹកទំនិញតាមផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែព្រះសីហនុជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ដែលលទ្ធផលនេះបានកាត់បន្ថយរយៈពេលដឹកញ្ជូនពី៧ទៅ១០ថ្ងៃ និងកាត់បន្ថយការចំណាយប្រមាណ២០-៣០% នៃការចំណាយប្រតិបត្តិការរបស់កំពង់ផែ។
– សម្ដេចធិបតី ថ្លែងថា មិត្តចិនតែងតែជួយកម្ពុជា គ្រប់កាលៈ និងគ្រប់វិស័យ ហើយមិត្តចិនតែងតែជួយកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ខណៈជំហររបស់កម្ពុជាចំពោះមិត្តចិន គឺគាំទ្រនូវគោលនយោបាយចិនតែមួយ។
-សម្តេចធិបតី ថ្លែងអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ជានិច្ច ដោយឥតងាករេ នូវគោលនយោបាយ«ចិនមួយ»។
– សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិ ដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០ បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។
នាឱកាសនោះដែរ លោក វ៉ាង វីនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានកែប្រែពីព្រៃភ្នំទៅជាតំបន់អភិវឌ្ឍដ៏រីកចម្រើនតាមរយៈកិច្ចសហប្របត្តិបត្តិការដ៏រឹងមាំរវាងប្រទេសចិន និងកម្ពុជា។ ហើយរហូតមកដល់ថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញអ្នកវិនិយោគជាង ២០០ ទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុផងដែរ។
លោក វ៉ាង វីនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមតែបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជានិមិត្តរូបចិន និងកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិប តីចិន ចាត់ទុកជាគំរូល្អមួយនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាំងពីការដឹកនាំរាជរដ្ឋាភិបាលកម្ពុជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ មានវិនិយោគិនមកពីប្រទេសជាច្រើនរួមទាំងសហរដ្ឋអាម៉េរិកផង បានមកបណ្ដាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាចានបាយមាសរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកអភិបាលខេត្តជាំងស៊ូ នៃប្រទេសចិន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវ ឌ្ឍន៍កម្ពុជា(CDC) អាជ្ញាធរខេត្តព្រះសីហនុ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លេចជារូបរាងឡើង ដោយក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនមកពីប្រទេសនានារួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាម៉េរិកផងសរុបចំនួនជាង ២០០ ក្រុមហ៊ុនបានមកបណ្ដាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ៕ដោយ៖ស តារា