ខេត្តក្រចេះ៖ ក្នុងភូមិសាស្ត្រខេត្តក្រចេះបានទទួលរងឥទ្ធិពលខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀងជនលិច បង្ករឱ្យខូចខាតផ្លូវមួយចំនួនក្នុងឃុំចំនួន២ឃុំ ស្ថិតក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង ។
លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ថា ឃុំដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង ២ ឃុំ នោះរួមមាន៖ ឃុំរលួសមានជ័យ មានភ្លៀងមួយមេធំ ធ្វើឱ្យលិចផ្លូវនៅចំណុចអូរមមៀង និងប្រឡាយអូរង៉ាត់ ស្ថិតក្នុង ភូមិប៉ាក្លែ លិចប្រវែង ៦០ម៉ែត្រ។ រីឯឃុំស្រែជិះ មានភ្លៀងខ្លាំងទឹកហូរកាត់ផ្លូវ ចំនួន ២ ភូមិ គឺនៅចំណុចអូរសាឡី ស្ថិតនៅភូមិភ្នំពីរ មានការខូចខាត ដូចជា ផ្លូវ ប្រហែល ៧៥ម៉ែត្រ និងស្រុតលូ ៣ កន្លែង និងមានទឹកហូរកាត់លើស្ពានអូរគគី និងនៅចំណុចកន្រ្ទុ ត្រង់កន្លែងអូរមៀន និងអូរខ្ញែរ នៃភូមិអំពក ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
លោកបានបញ្ជាក់ថា នៅរសៀលនេះជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងនៅតាមដងអូរ មួយចំនួនក្នុងភូមិសាស្ត្រនៃឃុំទាំងពីរនោះ ហើយលោកនឹងចុះទៅពិនិត្យមើលអំពីស្ថានភាពទឹកនៅទីតាំងជាក់ស្ដែងផ្ទាល់តែម្តង គិតរហូតមករសៀលថ្ងៃដដែលនេះ ជំនន់ទឹក ភ្លៀង មិនបង្កឱ្យប៉ះពាល់ដល់លំនៅឋាន សត្វពាហនៈ និងមនុស្សទេ ក្រៅពីប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនខាងលើនោះ៕