អន្តរជាតិ ៖ បុគ្គលិកស្ថានទូតអ៉ីស្រាអែល២នាក់ ដែលគ្រោងភ្ជាប់ពាក្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅរដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក ព្រោះតែខឹងអ៊ីស្រាអែល វាយប្រហារ និងសម្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាស្សា។
អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ៖ កាលពីយប់ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ បុគ្គលិកស្ថានទូតអ៉ីស្រាអែល២នាក់ បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយ នៅខាងក្រៅសារមន្ទីរជ្វីហ្វ ក្នុងរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី ហើយជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន។
សូមបញ្ជាក់ថា ៖ បើតាមអាជ្ញាធរនៅសហរដ្ឋអាមេរិក បញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ជាគូស្នេហ៍ដែលត្រៀមភ្ជាប់ពាក្យនឹងគ្នាដើម្បីរៀបការ។
ដោយឡែក ខ្នាន់កាំភ្លើងឈ្មោះ Elias Rodriguez អាយុ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួន ហើយរូបគេបានស្រែកថា «ដោះលែងប៉ាឡេស្ទីន, ដោះលែងប៉ាឡេស្ទីន» ! …! ។
ក្រោយហេតុការណ៍កើតឡើងភ្លាម, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការបាញ់ប្រហារនេះថា ជាការសម្លាប់មនុស្សដ៏អាក្រក់ ហើយជាក់ស្តែងគឺវាត្រូវបានធ្វើឡើងក្រោមការស្អប់ខ្ពើមជនជាតិជ្វីហ្វ។ ចំណែកឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិវិញ បានហៅករណីនេះថា «ជាអំពើភេរវកម្មប្រឆាំងជនជាតិជ្វីហ្វ»។
ការបាញ់សម្លាប់ច្រើនកើតមានជាញឹកញាប់ផងដែរ នៅអាម៉េរិក ក្នុងករណីផ្សេងៗគ្នា ៕
ដោយ ៖ សិលា