ខេត្តពោធិ៍សាត់ ៖ មន្ត្រីអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋចំនួន ៥នាក់បានចំណាយពេលបីថ្ងៃ គឺចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ដើម្បី ល្បាតព្រៃក្នុងតំបន់ឧទ្យានជាតិជួរភ្នំ ក្រវាញកណ្ដាល ។ រយៈពេលពីរថ្ងៃដំបូងនៃការចុះល្បាតនេះ ពួកគេរកឃើញគំនរ ឈើប្រណិត និងឈើកែច្នៃជាច្រើនកន្លែងតាមជួរភ្នំក្រវ៉ាញ ដែលជាតំបន់អភិរក្ស ឧទ្យានជាតិនេះ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និង ការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន មាន ប្រសាសន៍ថា គំនរឈើធ្នង់ និងប្រភេទ ឈើចម្រុះជាច្រើនកន្លែង ត្រូវឈ្មួញអារលាក់ទុកនៅក្នុងព្រៃឋិតនៅខាងលិច ចំណុចច្រេសច្រង៉ាំជ្រុំ និងទីតាំងមួយចំនួនទៀតនៅក្នុងទឹកដីស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ហើយឈើទាំងនេះត្រៀមដឹកចេញទៅលក់នៅក្រៅប្រទេស ។
លោកបញ្ជាក់ថា ក្រុមការងារលោកនឹងបន្តចុះល្បាតនៅតាមស្រុកមួយចំនួននៃខេត្ត កំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលធ្លាប់មានបទល្មើសធ្ងន់ធ្ងរ ដើម្បីផ្ដិត យកភស្តុតាង និងធ្វើរបាយការណ៍ដាក់ទៅអគ្គនាយកដ្ឋានគ្រប់គ្រងធនធានធម្មជាតិនៃ ក្រសួងបរិស្ថាន ដើម្បីចាត់តាំងក្រុមអធិការកិច្ចចុះស៊ើបអង្កេតបន្ថែមលើបទល្មើស និងមន្ត្រីឧទ្យានុរក្ស ព្រមទាំងអ្នកពាក់ព័ន្ធធ្វើការនៅតំបន់នេះ ។
មន្រ្តីឧទ្យាននុរក្ស បរិស្ថានបានត្រឹមតែនិយាយថាគ្នាតិច មិន អាចចុះល្បាតគ្រប់គោលដៅ ។ ប៉ុន្តែមន្រ្តីអង្គការសង្គមសីុវិលដែល តាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ ហើយចុះទៅដល់ភូមិសាស្រ្តជ្រៅៗបាន សង្កេតឃើញថា ពួកមន្រ្តីបរិស្ថានមានពាក់ ព័ន្ធនឹងផលប្រយោជន៍ជាមួយពួកឈ្មួញ កាប់ឈើនោះទៀតផង ។ មិនតែប៉ុណ្ណោះ មន្រ្តីបរិស្ថានខ្លះជាអ្នករកសីុជួញដូរឈើ នៅក្នុងព្រៃនោះទៀត ។ ទង្វើបែបនេះវា ជារឿងដដែលៗ ។
ដូច្នេះក្រសួងបរិស្ថាន គួរចាត់វិធានការឲ្យច្បាស់លាស់និងដិត ដល់ចំពោះមន្រ្តីខិលខូច ៕
ដោយ៖ ហេង សូរិយា