មិត្តចាន់÷ ឪពុករបស់មិត្តឯងធ្លាប់ធ្វើទាហានមែនទេ?
ខ្ញុំ÷ ពុករបស់ខ្ញុំគឺជាអ្នកស្រែ
មិត្តចាន់÷ ម៉ែរបស់មិត្តធ្លាប់ធ្វើពេទ្យឬ?
ខ្ញុំ÷ ពុក និងម៉ែរបស់ខ្ញុំសុទ្ធតែជាអ្នកធ្វើស្រែចម្ការនៅក្នុងភូមិធ្លកនេះនរណាក៏ស្គាល់គាត់ដែរ។
នៅពេលសួរចម្លើយចប់មិត្តឈឹងបានកាន់ចបដើរមកខាងក្រោយខ្នងរបស់ខ្ញុំ។ ខ្ញុំព្រឺឆ្អឹងខ្នងណាស់ ហើយខំបិទភ្នែកព្រោះខ្ញុំគិតថាប្រាកដជាត្រូវមិត្តយើងវាយនឹងដងចបសម្លាប់ខ្ញុំចោលហើយ។ ប៉ុន្តែមិត្ត ឈឹងបែរជាចាប់សក់ក្បាលរបស់ខ្ញុំជាប់លើកឡើងលើឲ្យក្រោកឈរនិងបង្វិលក្បាលរបស់ខ្ញុំឲ្យមើលមុខគាត់រួចនិយាយថា មិត្តឯងទៅសម្រាកចុះ ហើយក៏បង្វិលក្បាលខ្ញុំឲ្យទៅមុខ និងទាត់កំប៉េះគូទខ្ញុំមួយជើងថែមទៀត។
ពេលនោះយប់ហើយ គុណទឹកដោះម្ដាយថ្លៃខ្ញុំមិននឹកស្មានថាខ្ញុំអាចរួចជីវិតឡើយ។ ខ្ញុំដើរមកការដ្ឋានវិញទាំងក្នុងខ្លួនគ្មានព្រលឹងបន្តិចសោះឡើយ។ ពេលមកដល់វិញក្រុមមិត្តសម្លាញ់របស់ខ្ញុំមកទទួល និងសាកសួរពីដំណើររឿងដែលពួកឈ្លបចាប់ខ្ញុំទៅ។ ខ្ញុំខំប្រឹងសម្រួលអារម្មណ៍រួចនិយាយរៀបរាប់ប្រាប់ទាំងនៅតក់ស្លុតនៅឡើយ។ មិត្តសម្លាញ់របស់ខ្ញុំបានមកឱបខ្ញុំជុំជិតហើយនិយាយទាំងទឹកភ្នែកមកកាន់ខ្ញុំថា ឯងអស់អីហើយ។ រួចខ្ញុំក៏ទៅងូតទឹកហើយចូលទៅដេក។ ភ្លាមៗនោះ មានមនុស្សពីរនាក់ដើរសំដៅចូលមកកន្លែងខ្ញុំសម្រាក។មេឃងងឹតពេកខ្ញុំមើលមិនស្គាល់ថាជានរណាទេ។ មនុស្សពីរនាក់នោះបានហៅឈ្មោះខ្ញុំ ហើយយកបាយមួយចានមកឲ្យខ្ញុំថែមទាំងមានត្រីប្រឡាក់ឆ្អិនមួយក្បាលដែរ។ ពួកគេមិត្តរួមកងជាមួយនឹងខ្ញុំនៅផ្នែកចុងភៅ។ ខ្ញុំបានទទួលយកអាហារទាំងនោះ ប៉ុន្តែខ្ញុំមិនទាន់ហូបទេ ព្រោះខ្ញុំចង់ទុកបាយនេះឲ្យមិត្ត អេង មិត្តយ៉ុន មិត្តខន និងមិត្តជាច្រើនទៀត។ពួកគាត់បានសួរខ្ញុំថា ម៉េចក៏មិនហូបបាយទៅ? ខ្ញុំឆ្លើយតបទៅវិញថា ហូបធ្វើអ្វី។ ពេលនោះក្នុងចិត្តរបស់ខ្ញុំគិតថាយប់ជ្រៅបន្តិចប្រាកដជាកងទ័ពយកខ្ញុំទៅសម្លាប់ចោលហើយ។ ដូច្នេះបាយម្ហូបអស់ទាំងនេះទុកឱ្យមិត្តរបស់ខ្ញុំដែលនៅរស់ហូបទៅចុះ។
គិតរួចហើយ ខ្ញុំក៏ចូលដេក។ ខ្ញុំដេកលក់ស្រួលណាស់នៅយប់នោះ រហូតទាល់តែមេកងផ្លុំកញ្ចែឲ្យងើបទៅធ្វើការទើបខ្ញុំភ្ញាក់ឡើងសម្អាតមុខមាត់ ហើយហៅមិត្តរួមការងារហូបបាយដែលខ្ញុំយកលាក់ទុកពីយប់មិញ។ ក្រោយមកមេកងបានប្ដូរឲ្យខ្ញុំទៅធ្វើជាចុងភៅម្ដង។ នៅពេលដាំស្លគ្មាននរណាបង្រៀនយើងពីរបៀបដាំបាយឆ្នាំងធំឡើយ ដូច្នេះខ្ញុំដាំបាយឆៅដាំបាយមិនត្រូវ។ មេកងបានហៅខ្ញុំទៅកសាងស្ដីបន្ទោសហើយគំរាមយកទៅសម្លាប់នៅក្នុងគុក ០៧។ នៅតំបន់ខ្ញុំរស់នៅមានគុកពីរកន្លែងសម្រាប់ឃុំឃាំងធ្វើទារុណកម្ម និងសួរចម្លើយអ្នកទោស គឺគុក ០៧ និងគុក ០៨ ។ គុក ០៧ មានទីតាំងនៅភូមិស្យាជាកន្លែងដាក់អ្នកទោសល្មើសនឹងច្បាប់របស់អង្គការដូចជា បានលួចហូបចំណីអាហារម្នាក់ឯង ឬធ្វើការមិនគ្រប់តាមផែនការជាដើម។ ចំណែកគុក ០៨ វិញស្ថិតនៅភូមិឈើពុកជាកន្លែងដាក់អ្នកទោសជាប់និន្នាការរបប លន់ នល់ រួមមាន ប៉ូលីស ទាហាន និងមន្ត្រីរាជការដែលអង្គកបានស្រាវជ្រាវចាប់បាន ឬប្រជាជនដែលក្រោកតវ៉ាប្រឆាំងនឹងអង្គការជាដើម។
នៅឆ្នាំ ១៩៧៧ ប្រជាជននៅក្នុងកងរបស់ខ្ញុំ ទាំងចាស់ទាំងក្មេងរងទុក្ខវេទនាកាន់តែខ្លាំងទៅៗ គ្មានស្គាល់ពេលវេលាស្បើយឡើយ។ អង្គការបានឱ្យប្រជាជនក្នុងកងតាមដានគ្នាទៅវិញទៅមកស្វែងរកអ្នកចេះដឹង មន្ត្រី ទាហានឬប៉ូលីស នៅក្នុងរបបចាស់ដើម្បីយកទៅសម្លាប់ចោល។ ដូចឪពុកមារបស់ខ្ញុំឈ្មោះគឹម ដឿនត្រូវអង្គការចោទប្រកាន់ថា ជាអតីតទាហាន លន់ នល់ ។ មេកងឈ្មោះ ខន បានតាមសម្លាប់ឪពុកមារបស់ខ្ញុំ។ ប៉ុន្តែគាត់បានដឹងខ្លួនជាមុនក៏បានរត់ចោលប្រពន្ធ និងកូនបាត់សូន្យឈឹង។ប៉ុន្មានខែក្រោយមក មេកង និងឈ្លបបានមកចាប់ប្រពន្ធ និងកូនរបស់គាត់ទៅសម្លាប់គ្មានសេសសល់ម្នាក់ទេ។ ការសម្លាប់ក្រុមគ្រួសាររបស់ឪពុកមាខ្ញុំធ្វើឲ្យប្រជាជនក្នុងភូមិខ្លាចខ្លាំងណាស់។ប្រជាជនម្នាក់ៗគិតតែខំប្រឹងធ្វើការងារមិនហ៊ានតវ៉ាទេ។
រហូតដល់ឆ្នាំ ១៩៧៨ ខ្ញុំលែងរស់នៅក្រោមការគ្រប់គ្រងរបស់មេកងឈ្មោះ ខុន ទៀតហើយ។ ខ្ញុំប្ដូរមករស់នៅក្រោមការគ្រប់គ្រងរបស់មេកងឈ្មោះ សឿន នៅក្នុងកងសិប្បកម្មរបស់សហករណ៍វិញម្ដង។ នៅក្នុងកងសិប្បកម្ម ខ្ញុំធ្វើរនាស់ នង្គ័ល រទេះ ត្បាល់បុកត្បាល់កិន ត្បាល់ជាន់ ត្បាល់បក់ ផ្លែពូថៅ ផ្លែកាំបិត និងធ្វើជន្លួញនង្គ័លជាដើម។ ថ្ងៃខ្លះមេកង សឿន បានឲ្យខ្ញុំដើររកបន្លែមកទុកក្នុងកង។ ខ្ញុំបានដើរដកព្រលឹតរំចង់ និងត្រកួនយកមកឲ្យចុងភៅធ្វើម្ហូប។ ជួនកាលមេចុងភៅនាំខ្ញុំទៅបើករបបនៅពាណិជ្ជកម្មប្រចាំសហករណ៍ដែលអ្នកគ្រប់គ្រងមានឈ្មោះផាន់ហៅយាយផាន់។ថ្ងៃមួយក្រោយពីបើកអង្ករ អំបិល និងប្រហុករួចខ្ញុំបានដើរកាត់ផ្ទះពាណិជ្ជសហករណ៍ហើយបានឃើញក្នុងផ្ទះរបស់គាត់មានមាសយ៉ាងច្រើនប្រហែលជាជិតមួយតោន។ មាសទាំងនោះត្រូវបានពួកមេកងប្រមូលពីប្រជាជនគ្រប់គ្រងយកមកទុក។ (នៅមានត)
