ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង លោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។
ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
គម្រោងនេះកំពុងបន្តអនុវត្តយ៉ាងសកម្ម និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងផែនការ គម្រោងនេះនឹងបំពាក់ប្រព័ន្ធ អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យតាមផ្ទះប្រជាពលរដ្ឋ ចំនួន ៦០ខ្នងផ្ទះ នៅទូទាំង ៩ភូមិ ដែលបាននឹងកំពុងដាក់ ឱ្យប្រើប្រាស់ជាបណ្តើរៗ។ ជាមួយគ្នានោះដែរ ក៏មានការដំឡើង បង្គោលបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះ អាទិត្យ ចំនួន ៣៥បង្គោល ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅកន្លែងមានតម្រូវការចាំបាច់ៗក្នុងឃុំ។
ការអនុវត្តគម្រោងនេះត្រូវបានបែងចែកជា ២ដំណាក់កាលដោយដំណាក់កាលទី១ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវការបំពាក់ប្រព័ន្ធអគ្គិសនីតាមខ្នងផ្ទះដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២៥ខ្នងផ្ទះ និងដំឡើងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ១៨បង្គោល ៕
ដោយ ៖ សិលា