ខេត្តពោធិ៍សាត់៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណេីរ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដំឡូងមី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រីបានលេីកទឹកចិត្តឱ្យបងប្អូនធ្វេីពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កេីតជាសហគមន៍កសិកម្មទំនេីប ដេីម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ និងដេីម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រេីន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។
ជាក់ស្តែង លោករដ្ឋមន្ត្រី បាននាំកសិដ្ឋានគីរីទេសដែលប្រមូលទិញម្ទេសពូជដៃនាង និងណាលី ដេីម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ នៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួងលេីមុខដំណាំសក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។
លោក ញ៉េន សំអូន តំណាងប្រជាកសិករបានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយ:ការអញ្ជេីញចុះផ្ទាល់ដល់មូលដ្ឋាន ដេីម្បីពិនិត្យស្ថានភាពនៃការដាំដុះ បកស្រាយពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្មឱ្យទទួលបានប្រាក់ចំណេញ តាមរយ:ការរួមគ្នាបង្កេីតសហគមន៍កសិកម្មទំនេីប៕
ដោយ៖តារា