ភ្នំពេញ៖ ផ្លូវបេតុងសរសៃដែកប្រវែង៧១៥ម៉ែត្រ ត្រូវបានបើកការដ្ឋាន នៅសង្កាត់សំរោង សង្កាត់ព្រែកព្នៅ និងផ្លូវក្រាលខ្សាច់ភ្នំប្រវែង១៩២៥ម៉ែត្រ នៅសង្កាត់ពញ្ញាពន់ ដោយមានការចូលរួមដោយលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ និងលោក លោកស្រី សមាជិកសមាជិការ ក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៣សង្កាត់សរុប ២០០នាក់ផងដែរ។ ការចូលរួមនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ថ្លែងនៅក្នុងកម្មវិធីនោះ លោក សុខ សម្បត្តិអភិបាល នៃគណៈខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា សមិទ្ធផលនេះបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់សង្កាត់ថ្នាក់ខណ្ឌ ជារៀងរាល់ឆ្នាំការរៀចំកម្មវិធីវិនិយោគរំសង្កាត់ ដោយផ្តោតសំខាន់ទៅគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូសំអុយ ឲ្យមានលក្ខណៈល្អប្រសើ និងមានគុណភាពសមស្របតាមតម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ដឹកនាំរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ជាក់ស្តែងនៅឆ្នាំ២០១៦ គម្រោងដែលត្រូវអភិវឌ្ឍន៍សង្កាត់ត្រូវបើកការដ្ឋានស្ថាបនាពេលនេះគឺផ្លូវបេតុង លូបង្ហូទឹកសំអុយ និងផ្លូវខ្សាច់ភ្នំ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាកនាពេលកន្លងមក។ តាមអនុសាសន៍ដ៌ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវ ដេីម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវវរៈនៃគោលនយោបាយសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សំដៅបន្តជំរុញអនុវត្តឲ្យកាន់តែសុីជម្រៅផែមទៀត នូវកំណែទម្រង់សំខាន់ៗ ជាច្រើនមាន ការប្រយុទ្ធប្រឆាំងអពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធកិច្ចការពារបរិស្ថាន ការបង្កើនប្រសិទ្ធភាពនៃសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ និងការកែទម្រង់ផ្សេងៗទៀតដែលប្រកាន់ខ្ជាប់នូវទិសស្លោក ” ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល និងព្យាបាល”។
ផ្លូវចំនួន២ខ្សែដែលបានបើកការដ្ឋានស្ថាបនានៅព្រឹកនេះផងដែរមាន ខ្សែទី១ មានប្រវែង ២៩៤ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខ្សែទី២មានប្រវែង ៤២១ម៉ែត្រ ទទឹង៣ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ដាក់លូរំដោះទឹក២ខ្សែ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខ្សែទី១មានប្រវែង ៣៩ម៉ែត្រមុខកាត់១ម៉ែត្រ និងទី២ប្រវែង ៦១ម៉ែត្រ មុខកាត់ ០, ៦ ម៉ែត្រ ស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំមានប្រវែង ១៩២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦៕
ដោយ៖ ព្រែកជ័យ