ខេត្តបន្ទាយមានជ័យ: ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ICE) ចំនួន០២កូនថង់កិប ទម្ងន់ ០,៥៤ក្រាម និងសម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះធ្វើឡើងតាមការផ្ដល់ព័ត៌មានរបស់សន្តិសុខរាយការណ៍មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចំណែកជនសង្ស័យឈ្មោះ រីស្គី អាវាំ (RISKI AWAM) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ខ្លួនឯងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព រួមទាំងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ វណ្ណា