ភ្នំពេញ÷ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿងម៉ាកSSANGYONG ISTANA ដែលបានដឹកស៊ុតមាន់ចំនួន ៨៥ដុំស្មើនឹង ២៥ ៥០០គ្រាប់ ដោយស្ទាក់ចាប់បាននៅជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ និង ៥០នាទីព្រឹក នាថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥នេះ បម្រុងយកមកលក់ចែកចាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
បើតាមក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ដែលបានចុះទៅបង្ក្រាបករណីនេះផ្ទាល់បានឱ្យដឹងថា រថយន្តខាងលើនេះបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់)ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕