សភាវៈតែងប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។កង់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាក៏ធ្វើដំណើរផ្លាស់ប្ដូរមិនឈប់ឈរពីរបបចាស់ឆ្ពោះទៅរបបថ្មីដែរ។ស្ថានការវឹកវរចាប់ផ្ដើមកើតមាននៅតាមទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេសកម្ពុជា ព្រោះក្រុមខ្មែរក្រហមប្រឆាំងនឹងរបបលន់ នល់ តាំងពីមុនឆ្នាំ ១៩៧៥ មកម្ល៉េះ។
ប្រជាជននៅស្រុកសំឡូតទាំងអស់រស់នៅធម្មតាមិនមានជ្រួលច្របល់អ្វីឡើយ ព្រោះខ្មែរក្រហមបានចូលមកគ្រប់គ្រងតំបន់សំឡូតតាំងពីមុនថ្ងៃ ១៧ មេសា មកម្ល៉េះ ហើយមិនទាន់មានការរឹតត្បិតសិទ្ធិសេរីភាពប្រជាជនទេ។ ពេលរសៀលថ្ងៃមួយ ហ៊ូ យន់ និង ហ៊ូ នឹម ដែលជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម័យសង្គមរាស្ត្រនិយម និងជាមេភូមិភាគពាយ័ព្យក្នុងសម័យប៉ុល ពតបានចុះមក ផ្សព្វផ្សាយជ័យជម្នះរបស់របបកម្ពុជាប្រជាធិបតេយ្យ។ ហ៊ូ យន់ ហូ នឹម បានប្រាប់ពីគោលការណ៍របស់របបកម្ពុជាប្រជាធិបតេយ្យថា របបកម្ពុជាប្រជាធិបតេយ្យនឹងផ្ដល់សិទ្ធិឲ្យប្រជាជនដូចសម័យសង្គមរាស្ត្រនិយមថែមទាំងយាងសម្ដេចព្រះនរោត្តមសីហនុមកគ្រប់គ្រងដូចកាលពីមុន។ ប្រជាជនរស់នៅក្នុងតំបន់សំឡូតនេះមានការគោរពរបបរាជានិយមតាំងពីសម័យបុរាណកាលព្រមទាំងស្រឡាញ់ពេញចិត្តការដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុ ណាស់ ស្របពេលខ្មែរក្រហមបានចូលមកគ្រប់គ្រងស្រុកសំឡូតជាយូរមកហើយផងនោះ ប្រជាជនដែលរស់នៅក្នុងភូមិអូរដា និងភូមិផ្សេងៗទៀតចាប់ផ្ដើមមានចិត្តស្រឡាញ់របបអាវខ្មៅកាន់តែខ្លាំងដែរ តាំងពីពេលនោះមក។
ស្ទើរតែមិនជឿទាល់តែសោះថា ទឹកដីធម្មជាតិរបស់ស្រុកសំឡូតបានលាក់ទុកបុប្ផាមួយទងមានរូបឆោមលូមពណ៌ស្រស់បំព្រងក្នុងវ័យ ១៦ ឆ្នាំឈ្មោះនាង ហឿន កើតក្នុងត្រកូលកសិករក្រីក្រមួយក្នុងភូមិអូដារ។ នាងហឿនជាកូនរបស់ តាខឹម និង យាយលុយ។ នាង ហឿន ជាកូនច្បងក្នុងគ្រួសារដែលមានស្មារតីក្លាហានជាងគេក្នុងសហគមន៍របស់នាង។
មិនយូរប៉ុន្មានក្រោយថ្ងៃ ១៧ ខែមេសា ១៩៧ត ខ្មែរក្រហមបានចាប់ផ្ដើមជម្លៀសប្រជាជនគ្រប់តំបន់ទាំងអស់ទូទាំងប្រទេស។ មេឃុំបានជម្លៀសអ្នកភូមិអូរដាឲ្យទៅរស់នៅភូមិតានន ដែលឆ្ងាយពីគ្នាប្រហែល ៤ គីឡូម៉ែត្រ។ នាងហឿន ដែលមាននិស្ស័យខុសប្លែកពីប្រជាជនផ្សេងៗ បានឆ្លៀតសួរទៅមេឃុំថា លោកអ៊ំ ឲ្យពួកយើងទៅនៅទីនោះធ្វើអី? ហើយទៅប៉ុន្មានថ្ងៃដែរ ឆ្ងល់ណាស់តាំងពីខ្ញុំកើតមកមិនដែលមានអ្នកណាឲ្យចេញអស់ពីភូមិអ៊ីចឹងសោះ។ មេឃុំឆ្លើយយ៉ាងកំបុតៗ ទៅកាន់នាងហឿនវិញថា មិនដឹងទេ ទៅដល់ដឹងហើយ។
ពេលទៅដល់ទឹកដីថ្មី ក្រុមគ្រួសាររបស់ នាងហឿន និងអ្នកភូមិផ្សេងៗទៀតបាននាំគ្នាសង់ខ្ទមតូចៗក្បែរគ្នាជាក្រុមៗស្នាក់នៅ។ ពេលកំពុងហុចស្បូវកណ្ដប នាងហឿន បានសួរទៅឪពុករបស់គាត់ដោយការងឿងឆ្ងល់។
នាងហឿន÷ ពុកខ្ញុំឆ្ងល់ណាស់ថាគេឲ្យយើងមកទីនេះធ្វើអី?
តាខឹម÷ អើអញធ្វើម៉េចដឹង បើអញមិនមែនជាអ្នកធំផង។ បើឯងចង់ដឹងចាំពេលមេឃុំមកចាំសួរគាត់ទៅ។
នាងហឿន÷ ខ្ញុំបានសួរគាត់ម្ដងហើយកាលនៅឯអូរដា ប៉ុន្តែគាត់ថាពេលមកដល់ហ្នឹងដឹងហើយ។ដល់ឥឡូវនេះយើងមកដល់បាន ២ថ្ងៃហើយនៅតែមិនទាន់ដឹងទៀត ដឹងត្រឹមតែថាឲ្យសង់ខ្ទមសិន។យាយលុយដែលនៅរៀបកណ្ដបស្បូវក្បែរកូនដែរ ក៏ប្រលយសម្ដីថាណ្ហើយមីហឿនអើយ កុំទៅខ្វល់ច្រើនពេកហង កិច្ចការជាតិជារឿងរបស់អ្នកធំ ឬអ្នកមុខ អ្នកការទេឯងនៅក្មេងសោះមកចង់ចេះដឹងអីដែរ យីមីនេះ!
នាងហឿន ជជែកមិនឈ្នះម៉ែឪ ក៏ខឹងមុខឡើងក្រហមរួចនិយាយតបទៅវិញខ្លាំងៗថា តែយើងជាប្រជាជនរបស់ប្រទេសនេះដែរតើម៉ែពុក! រឿងអីមិនត្រូវចេះដឹងនោះចុះបើគេយកយើងទៅសម្លាប់ ឬឲ្យយើងទៅរស់នៅឆ្ងាយអត់បាយ អត់ទឹកតើម៉ែព្រមទៅទេ? នាងហឿន និយាយបន្ថែមទាំងញ័រមាត់។ ចំណែកឯតា ខឹម ឮកូននិយាយបែបនោះក៏តបយ៉ាងលឿនថា មីហឿនអើយកុំទៅខ្វល់ច្រើនពេកហង ពុកនិងម៉ែឯងកើតមុនឯង ឃើញពន្លឺព្រះអាទិត្យមុនឯង ហើយកាលពុកនៅក្មេងសម័យសម្ដេចឪមិនដែលចេះគិតរឿងជាតិដូចមីហងឯងផង ចេះរស់សុខស្រួលរហូតមកបង្កើតក្បាលហងបាន។
នៅដើមខែមិថុនាឆ្នាំ ១៩៧៥ ថ្នាក់លើបានកំណត់ឲ្យអ្នកស្រុកធ្វើស្រែរួមគ្នា កាត់ផ្ដាច់ស្រែដែលជាកម្មសិទ្ធិឯកជន តែនៅមានកម្មសិទ្ធិឯកជនចំពោះទ្រព្យសម្បត្តិ ផ្ទះសម្បែង និងសម្ភារៈប្រើប្រាស់ជាដើម។ ពេលនោះប្រជាជនធ្វើស្រែជាក្រុមរួមគ្នាប៉ុន្តែនៅហូបបាយតាមផ្ទះរៀងៗ ខ្លួននៅឡើយ។
ថ្ងៃមួយគ្រួសារនាងហឿន និងប្រជាជនផ្សេងទៀតកំពុងតែនាំគ្នាដកស្ទូងរួមគ្នា ស្រាប់តែឮសំឡេងច្រៀងយ៉ាងពីរោះរណ្ដំល្វើយៗ អមជាមួយនឹងសំឡេងហូចជិតទៅៗថា ” ស្រីតូចទ្រមែ ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ ហាអើយ…បងខំដើរស្កាត់ សុំស្លាមួយម៉ាត់អូនដាច់មេត្តា ពិតមែនហើយ អូនដាច់មេត្តា ” ។
អ្នកស្រុក និងនាងហឿន ឈរងាកមកក្រោយស្រាប់តែឃើញកងទ័ពនៅឯផ្លូវចុងម្ខាងស្រែមួយក្រុមប្លែកមុខ សាច់ឈាមមិនមែនជាអ្នកភូមិតានន ឬអូរដាទេ។ ក្រុមកងទ័ពមានរាងខ្ពស់ស្រឡះសម្បុរសជ្រះ សុទ្ធតែសង្ហាៗ មានគ្នា ៥ នាក់ប្រដាប់ដោយអាវុធគ្រប់ដៃព្រមទាំងមានឯកសណ្ឋានបង់ក្រមាក។ កងទ័ពទាំងនោះមានសីលធម៌ណាស់ ដោយបានលើកដៃសំពះអ្នកស្ទូងពីចម្ងាយ ហើយនិយាយថា ជម្រាបសួរលោកអ៊ុំ។ តាខឹម យាយលុយ និងអ្នកស្ទូងផ្សេងទៀត កាលបើឮដូច្នោះក៏លើកដៃសំពះជម្រាបសួរត្រឡប់ទៅវិញ។ (នៅមានត)
