ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានគេសន្និដ្ឋានថា គាំង បេះដូងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីផឹកកាហ្វេ១កែវ ក្រោយជិះកង់ហាត់ប្រាណហេវហត់នៅតាមដងផ្លូវ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្នោះ អ៑ូច ភី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ដែលជនរងគ្រោះជាមនុស្សឧស្សាហ៍ដើរ និងជិះកង់ហាត់ប្រាណជាប្រចាំ ។
ប្រភពដដែលបានបញ្ជាក់ថា នៅព្រឹកកើតហេតុ ជនរង គ្រោះបានជិះកង់ហាត់ប្រាណដូចសព្វដង។លុះមកដល់ចំណុចផ្ទះកាហ្វេខាងលើ ក៏បានចូលអង្គុយហូបកាហ្វេជួបជុំជជែកនិយាយគ្នាលេង ស្រាប់តែក៏ដួលផ្ងាក្រោយ។ ភ្លាមៗនោះដែរ បងប្អូនដែលនៅក្បែរនោះបានជួយសម្រួលនិងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជា អកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យទៅលើសាកសពរួចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ) បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណ៕