ខេត្តព្រះសីហនុ៖ បើយោងតាមរបាយការណ៍របស់ផែផ្ញើរទៅកាន់ CSX បានឱ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ២០២៥នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានរាយការណ៍ថា មានចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល កើនឡើងចំនួនជាង ១៧,៤១ ពាន់លានរៀល ស្មើនឹង ១៧,៨៩% ធៀបនឹងត្រីមាសទី១ឆ្នាំមុន ខណៈចំណេញប្រតិបត្តិការមានចំនួនជាង ២៩,៥៧ ពាន់លានរៀល កើនឡើង ៧០,៥០%។
ប៉ុន្តែ PAS បានបង្ហាញឱ្យដឹងថា ក្នុងត្រីមាសដដែលនេះ ខ្លួនទទួលបានចំណេញសុទ្ធចំនួនជាង ១០,៥០៧ ពាន់លានរៀល ថយចុះចំនួន ៦៨,៤៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារការខាតពីអត្រាប្តូរប្រាក់យ៉េនជប៉ុន (មិនទាន់សម្រេច) ។ នេះបើយោងតាមរបាយការណ៍ដដែល។
PAS បានលើកឡើងថា៖«មូលហេតុចម្បង នៃការកើនឡើង ចំណូល និងចំណេញប្រតិបត្តិការ បណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំង។ ដោយឡែកមានការកើនឡើង នៃការខាតអត្រាប្តូរប្រាក់យ៉េនជប៉ុន (មិនទាន់សម្រេច) ប្រមាណ ១៧៥,៨៣% ធ្វើអោយចំណេញសុទ្ធមានការថយចុះខ្លាំង បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤» ។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថាសម្រាប់ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅរបស់ខ្លួន ខណៈផែមានទីតាំងស្ថិតនៅក្នុងខេត្ត ព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។
បើយោងតាមរបាយការណ៍ដែលចុះហត្ថលេខាដោយលោក លូ គឹមឈុន អគ្គនាយកនៃ PAS បានបញ្ជាក់ថា៖«ប្រាក់ចំណូលចំនួន ២៩ ៨២៥ ៧៨៧ ពាន់រៀល គឺបានមកពីអតិថិជនធំៗរបស់ផែ ដែលអតិថិជន នីមួយៗបានរួមចំណែកយ៉ាងហោចណាស់ ១០% ដល់ចំណូលផ្នែកដែលអាចរាយការណ៍សរុប សម្រាប់ដំណាច់ ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥»។
របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ PAS បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Funan Techo Inland Waterways and Logistics Company Limited (FTIWL) ជាមួយភាគទុនវិនិយោគ ២៦% ។
«FTIWL ដំណើរការព្រែកជីកហ្វូណនតេជោ ដើម្បីពង្រីកការដឹក ជញ្ជូនឡូជីស្លឹកផ្លូវទឹកក្នុងប្រទេស ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ ព្រែកជីកហ្វូណនតេជោ នឹងចូលរួមគាំទ្រយ៉ាង សំខាន់ដល់ការដឹកជញ្ជូនផ្លូវទឹក មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ អោយកាន់តែមានលក្ខណៈ Multimodal Transport ក្នុងការដឹកជញ្ជូន។ លក្ខណៈសម្បត្តិនៃការបណ្តាក់ទុន គឺជាការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ។ PAS បានចាប់ផ្តើមបង់ដើមទុននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥»៕ដោយ៖តារា