ខេត្តស្វាយរៀង៖ កម្មករកម្មការិនីប្រមាណ២៥នាក់បានដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលថ្នាំក្រណាត់ ហើយត្រូវបានមិត្តរួមអាជីពនិងសន្តិសុខនាំគ្នាជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតំបន់សេដ្ឋកិច្ចពិសេស សាន់តុងសាន់សែល ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមលោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងតាមទូរស័ព្ទថា ពិតជាមានករណីកម្មករកម្មការិនីដួលសន្លប់មែនទាំងអស់២៥នាក់ ក្នុងនោះធ្ងន់ម្នាក់។ ចំពោះកម្មករិនីដែលធ្ងន់មានត្រូវបានដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងមានឈ្មោះបូកុម៉ាអាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំត្នោត ស្រុកកំពង់រោរន៍។
ប្រភពបន្តថា រហូតដល់រសៀលថ្ងៃខែឆ្នាំដែលនេះ កម្មការិនីមួយចំនួនបានធូរស្រាលខ្លះហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជីភូក្រុងបាវិត។ ចំពោះមូលហេតុនៃការដួលសន្លប់លោកមិនទាន់ដឹងច្បាស់នៅឡើយខណៈក្រុមគ្រូពេទ្យកំពុងតាមដានបន្តទៀត។
សូមបញ្ជាក់ថា កម្មករកម្មការិនីទាំងនោះបម្រើការងារនៅរោងចក្រយូលី៣ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់តុងសាន់សែល៕
ដោយ៖ យឹម សុថាន