ភ្នំពេញ ៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ទទួលបាននូវសញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកទស្សនវិជ្ជា» និងពានរង្វាន់ «ព្រះគៀវធម្មចក្រ ប្រចាំពុទ្ធសករាជ ២៥៦៨ គ្រឹស្តរាជ ២០២៥» ពីសាកលវិទ្យាល័យ មហាចុឡាឡុងកនរាជវិទ្យាល័យ នៃព្រះរាជាណាចក្រថៃ។
បើតាមព័ត៌មានទទួលបាន លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥ ម្សិលមុិញនេះ បានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកទស្សនវិជ្ជា» និងពានរង្វាន់ «ព្រះគៀវធម្មចក្រ ប្រចាំពុទ្ធសករាជ ២៥៦៨ គ្រឹស្តរាជ ២០២៥» ពីសាកលវិទ្យាល័យ មហាចុឡាឡុងកនរាជវិទ្យាល័យ នៃប្រទេសថៃ។
សូមបញ្ជាក់ថា ៖ ការប្រគល់ជូននេះ បានប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ (មវក) ៤៨ឆ្នាំ មហាវជិរាឡុងកន នៃសាកលវិទ្យាល័យមហាចុឡាឡុងកនរាជវិទ្យាល័យ ស្រុកវាំងណយ ខេត្តព្រះនគរស្រីអយុធ្យា ព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពឧត្តមសេនីយ៍ ព្រះវរវង្សធឺ ព្រះអង្គម្ចាស់ ឆ្លឺមសឹកយុគល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះបាទសម្តេចព្រះវជិរក្លៅចៅយូហួ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ។
សូមរំលឹកថា ៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ ខណៈលោកមានប្រជាប្រិយភាព ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព ចំណេះដឹង បទពិសោធន៍ ស្គាល់ទុក្ខ ស្គាល់សុខ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងជម្រុញការអភិវឌ្ឍន៍ ឱ្យខេត្តស្ទឹងត្រែង កាន់ប្រែមុខមាត់៕
ដោយ ៖ សិលា