ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈកំពុងបើកម៉ូតូត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកពេញទំហឹងលើផ្លូវជាតិលេខ២១ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទី ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ មិនស្គាល់អាសយដ្ឋាន ជិះម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AL-8612 ។ ចំណែករថយន្តបង្កមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង មិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបានបើកបុកម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AL-8612 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យដួលនិងបានកិនម៉ូតូធ្វើឱ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ រីឯរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានទៅចុះត្រួតពិនិត្យ វាស់វែងចាប់យកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។
ការសន្និដ្ឋានបឋម អ្នកបើកបររថយន្ត មិនស្គាល់ម៉ាកបើកបរមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបមានគ្រោះថ្នាក់នេះកើតឡើង ៕ ដោយ៖ ស្អាងជ័យ