ភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យជិះម៉ូតូជ្រុលចង្កូតទៅកៀរខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលហូរឈាម ស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ម៉ឹង ស្រស់ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥៨ ផ្លូវ៥៣BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញស្ត្រីជាភេទទីបី (តែងខ្លួនជាប្រុស)បានជិះម៉ូតូម៉ាក ZUSUKI let’s ពណ៌សលាយខៀវ តាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅកៀរនឹងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលទាំងមនុស្សនិងម៉ូតូបោកក្បាលផ្កាប់មុខហូរឈាមស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវតែម្តង។
ក្រោយកើតហេតុ បន្ទាប់ពីធ្វើការស្រាវជ្រាវរួច សមត្ថកិច្ចបានប្រគល់សពទៅអោយសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំចាត់ចែងបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ