ការផ្ទុះនៅរោងចក្រគីមីមួយក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន បានបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ របួស ១៩នាក់ និងបាត់ខ្លួន ៦នាក់។
ការផ្ទុះនេះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី 27 ឧសភា នៅរោងចក្ររបស់ក្រុមហ៊ុន Youdao Chemical Company នៅទីក្រុង Gaomi ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ យោងតាមមន្ត្រីក្នុងតំបន់ ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យ «មនុស្សស្លាប់៥នាក់ របួស១៩នាក់ និងបាត់ខ្លួន៦នាក់»។ មូលហេតុនៃការផ្ទុះនេះមិនត្រូវបានគេកំណត់នៅឡើយ ។
នាយកដ្ឋានពន្លត់អគ្គីភ័យមូលដ្ឋានបានបញ្ជូនរថយន្តជំនាញចំនួន 55 គ្រឿងនិងបុគ្គលិក 232 នាក់ទៅកន្លែងកើតហេតុ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនក៏បានដាក់ពង្រាយក្រុមជួយសង្គ្រោះជាតិ និងកងកម្លាំងឆ្លើយតបបន្ទាន់ពិសេសដើម្បីជួយដល់អាជ្ញាធរក្នុងតំបន់ផងដែរ។
សាក្សីបាននិយាយថា ការផ្ទុះនេះបានបង្កើតជាដុំភ្លើងដ៏ធំមួយនិងផ្សែងយ៉ាងសន្ធោសន្ធៅមានកម្ពស់រាប់រយម៉ែត្រ ហើយផ្ទះជាច្រើននៅក្នុងតំបន់នោះបានខូចខាត។ អ្នកស្រុកម្នាក់បាននិយាយថា ផ្ទះរបស់គាត់បានរង្គោះរង្គើដោយសារការផ្ទុះនេះ ដោយមានបែកបង្អួច និងគ្រឿងសង្ហារឹមបានរលំពេញផ្ទះ ហើយតាមដងផ្លូវមានកញ្ចក់បែកខ្ទេចខ្ទី និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។
ក្រុមហ៊ុន Youdao Chemical ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ដែលមានបុគ្គលិកជាង 300 នាក់ ផលិតថ្នាំសម្លាប់សត្វល្អិត ឱសថ និងផលិតផលគីមីដែលពាក់ព័ន្ធ។ វាគឺជាក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិត chlorpyrifos ដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងទិន្នផលប្រហែល 11,000 តោនក្នុងមួយឆ្នាំ៕
រូបថត: paper