ប្រទេសដែលមានវិ​វាទជាមួយចិនគាំទ្រវត្តមានរបស់អាមេរិកដើម្បីរក្សាសន្តិសុខ

ចែករំលែក៖

ប្រទេសនៅក្នុងតំបន់អាស៊ាន ដែលមានវិវាទជាមួយចិនបានបង្ហាញការពេញចិនយ៉ាងខ្លាំងសម្រាប់វត្តមានរបស់អាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសេរីភាពចរាចរណ៍នៅក្នុងដែនសមុទ្រអន្តរជាតិ និងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

មុនពេលធ្វើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ នៅវៀតណាមនាខែកញ្ញា ខាងមុខលោកប្រធានាធិបតី Tran Dai Quang បានថ្លែងប្រាប់ថា «វៀតណាមសូមគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការពីប្រទេសបារាំងនិងបណ្តាប្រទេសដទៃទៀតនៅក្នុងដំណើរការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងនៅសមុទ្រចិនខាងត្បូង »។ ប្រធានាធិបតីវៀតណាមបានថ្លែងបញ្ជាក់ទៀតថា «សហប្រតិបត្តិការណ៍អន្តរជាតិនោះគឺមានគោលដៅដើម្បីធានាឱ្យបាននូវសន្ដិសុខនិងសេរីភាពក្នុងការធ្វើចរាចរតាមសមុទ្រនិងអាកាស»។

គំនិតស្នើសុំជំនួយពីសហគមន៍អន្តរជាតិនៅក្នុងតំបន់ជាប់ជម្លោះធ្លាប់ត្រូវបានស្នើឡើងរួចទៅហើយកាលពីខែមិថុនាកន្លងទៅដោយលោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង។ លោកស្នើសុំឲ្យមានការដើរយាមល្បាតនៅក្នុងតំបន់ជាប់ជម្លោះពីសំណាក់ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។ លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកវិញ កាលពីចុងខែកក្កដា កន្លងមកនាដំណើរទស្សនិច្ចនៅហ្វុីលីពីនបានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន ចង់ចៀសវាងការប្រឈមមុខដាក់គ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ តែវ៉ាស៊ីនតោនសុំស្នើជួយដែរដើម្បីរកការដោះស្រាយអធិករណ៍នៅសមុទ្រចិនខាងត្បូងនេះ។

សមុទ្រចិនភាគខាងត្បូងកំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការធ្វើសមយុទ្ធរវាងចិននឹងប្រទេសរុស្ស៊ីក៏ដូចជាសមយុទ្ធឯកតោភាគីរបស់ចិន ក្នុងការបង្ហាញពីកម្លាំងគំរាមកំហែងដល់ប្រទេសដែលមានវិវាទ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ប្រទេសមហាអំណាចកំុជ្រៀតជ្រែកចូលក្នុងវិបត្តិរវាងចិននឹងប្រទេសជិតខាង។

កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពល រដ្ឋនៅទូទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោកបញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។

អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងវ៉ាស៊ីនតោនមិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះ ព្រោះវាអាចកើតឡើងគ្រប់ពេលវេលា។

ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ ៩០ភាគរយនៃតំបន់សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្តបានឡើយហើយចិននឹងប្រែក្លាយដែនសមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនដោយស្វ័យប្រវត្តិទោះតាមរូបភាពណាក៏ដោយ។

ទាំងនោះហើយបានជាអ្នកឯកទេសអាមេរិកដែលជាអ្នកការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនូវសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ប្រទេសក្នុងតំបន់ដែលមានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបានល្អិតល្អន់ពេលសង្គ្រាមកំពុងតែជិតមកដល់ហើយនោះ។

ជាការពិតណាស់រយៈពេលកន្លងមកបានបង្ហាញយ៉ាងច្បាសថា ចិនប្រាកដជាមិនគោរពទៅតាមច្បាប់អន្តរជាតិនោះឡើយ។ ក្រោយតុលាការអាជ្ញាកណ្តាលបានសម្រេចឲ្យចិនចាញ់ក្តីសំណុំរឿងសមុទ្រចិនភាគខាងត្បូងតែចិននៅតែបន្តសកម្មភាពដូចដើមថែមទាំងផ្គើនខ្លាំងជាងមុនទៅទៀត។ រយៈពេលជាង២ទសវត្សកន្លងមកចិនបានចំណាយប្រាក់ជាច្រើនសម្រាប់ពង្រឹងវិស័យយោធាហើយដល់ពេលវេលាដែលចិនត្រូវតែប្រើប្រាស់ដើម្បីទាញយកផលប្រយោជនរបស់ខ្លួនមកវិញហើយ។

ការប្រកាសឲ្យពលរដ្ឋត្រៀមធ្វើសង្គ្រាមបរមាណូកើតឡើងក្រោយពេលដែលចិនបានចាប់ផ្តើមធ្វើសមយុទ្ធស្តីពីសន្តិសុខបរមាណូជាលើកដំបូងក្នុងគោលដៅទប់ទល់នឹងការវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print