អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបើកសម្ពោធជាផ្លូវការផ្លូវថ្មើជើងមាត់ទន្លេWalk Street នៅថ្ងៃ២១ មិថុនា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែមកហើយ ទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយ រីករាយ ជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
គម្រោង នៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street)នេះបានលើកឡើង ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃពុធទី២៨ ខែឧសភាឆ្នាំ២០២៥ ក្រោមអធិបតី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះពិតជាទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ទៅតាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរណ៍សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលរបស់យើង ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសឹល្បៈក៏ឱ្យធំហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។
កិច្ចការងារនេះ យើងនឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយនិងការរៀបចំក្រុមការងារដើម្បីរៀបចំ,ការផ្សព្វ ផ្សាយព័ត៌មាន ,ការបែងចែកភារកិច្ចគ្នាឱ្យបានច្បាស់លាស់ , ការរៀបចំតុបតែងភ្លើងចម្រុះពណ៌ និងសំអាតបរិស្ថានជាដើម។
សូមបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាល ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣: ០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print