រឿង ជីវិតបុប្ផាក្នុងស្បៃអន្ធការ

ចែករំលែក៖

វុទ្ធី ដែលជាបុរសសង្ហាជាងគេក្នុងចំណោមកងទ័ពទាំងប្រាំនាក់ បានក្រឡេកឃើញនាង ហឿន រួចសួរដោយមានចិត្តចាប់អារម្មណ៍ចំពោះនាងហឿនថា ” ចុះសមមិត្តនារីមុខឡើងក្រហមយ៉ាងនេះ ក្តៅដែរឬទេ?” កាលបើបានឮសម្តីផ្អែមន័យស្នេហាបែបនេះនាង ហឿនមុខកាន់តែក្រហមជាងមុន ហើយថែមទាំងក្លាហានផងនោះក៏ឆ្លើយតបទៅវិញថា ធ្វើការហាលក្តៅ បើមិនឲ្យក្តៅឲ្យអីវិញចុះ?
ដោយសារឥទ្ធិពលមន្តស្នេហ៍របស់នាង ហឿន កងទ័ពទាំងនោះបានដាក់អាវុធទុកក្រោមដើមសង្កែ ហើយមូរជើងខោចុះជួយស្ទូងដោយកែវភ្នែកលួចរំពៃមើល នាងហឿន ជាប់រហូតដល់ថ្ងៃត្រង់អ្នកស្ទូងក៏នាំគ្នាសម្រាកមកហូបបាយនៅផ្ទះរៀងៗខ្លួន រីឯកងទ័ពខ្មែរក្រហមទាំងប្រាំនាក់នោះ ក៏លាត្រឡប់ទៅកន្លែងវិញ។
ក្រោយមក វុទ្ធី ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនាងហឿន។ ពន្លកស្នេហ៍រវាងអ្នកទាំងពីរចាប់ផ្ដើមដុះលាស់ត្រួយក្នុងចិត្តរៀងៗខ្លួន។ នៅពេលនោះស្ថានភាពនយោបាយមិនទាន់តឹងតែងខ្លាំងនៅឡើយទេ។ប្រជាជនមានសិទ្ធិដើរហើរធម្មតា គ្រាន់តែប្លែកត្រង់ថាមានកងទ័ពដើរល្បាតនៅតាមភូមិស្ទើររាល់ថ្ងៃ។ រាល់ពេលល្បាត វុទ្ធី តែងចូលសួរសុខទុក្ខឪពុកម្ដាយរបស់នាងហឿនមិនដែលរំលងម្ដងណាឡើយ។ ឯនាង ហឿន វិញកាន់តែស្រឡាញ់វុទ្ធីស្ទើរតែទប់ចិត្តមិនបានសារភាពស្នេហ៍ប្រាប់ទៅវុទ្ធីទៅហើយ។ ចំណែកឯ វុទ្ធី ក៏លង់ស្នេហ៍ទៅលើនាងហឿនខ្លាំងណាស់ដែរ។
ចូលដល់រដូវកាន់បិណ្ឌ នៅតំបន់សំឡូតលែងមានវត្តអារាមទៀតហើយ។ បញ្ហានេះមិនមែនមកពីគោលការរបស់បក្សកុម្មុយនីស្តនោះទេ ប៉ុន្តែដោយសារតែគ្រាប់ផ្លោងកើតឡើងមកពីការប្រឈមមុខដាក់គ្នារវាងរបប លន់ នល់ និងខ្មែរក្រហមចេះតែយាយីឥតឈប់ឈរ ទើបព្រះសង្ឃនាំគ្នាលាចាកសិក្ខាបទអស់។ ថ្ងៃភ្ជុំបិណ្ឌខិតជិតមកដល់ ហ៊ូ យន់ បានចុះមកផ្សព្វផ្សាយពីគោលនយោបាយបក្សកុម្មុយនិស្តថា តម្រូវឲ្យធ្វើយ៉ាងណាមានសាមគ្គីគ្នា លុបបំបាត់បទចម្រៀងពីរបបចាស់ ណែនាំឲ្យមានចម្រៀងចលនាបែបបដិវត្តន៍តាមសហគមន៍វិញ។ នាងហឿនដែល មានសំឡេងច្រៀងពីរោះជាងគេក្នុងភូមិ ត្រូវជ្រើសរើសជាអ្នកចម្រៀង។ ពីរថ្ងៃក្រោយមកនាងហឿន ត្រូវខ្មែរក្រហមជម្លៀសចេញពីតំបន់នេះទៅឆ្ងាយពីគ្រួសារដើម្បីយកទៅរៀនវប្បធម៌នយោបាយថ្មី បំពាក់ស្មារតីបដិវត្តន៍ ហើយស្របពេលជាមួយគ្នានោះដែរ វុទ្ធី ក៏ត្រូវបានប្ដូរឲ្យទៅធ្វើការកន្លែងផ្សេង។ តាំងពីពេលនោះមក នាងហឿន និងវុទ្ធីលែងបានជួបមុខគ្នាទៀត។ នាងហឿនចាប់ផ្ដើមមានក្តីទុក្ខព្រួយ ព្រោះព្រាត់ពី វុទ្ធី ។ ទោះជាទុក្ខធំប៉ុណ្ណាក៏នាង ហឿន មិនហ៊ានប្រឆាំងនឹងខ្មែរក្រហមទេ។ស្នូរជួងបន្លឺឡើងជាសញ្ញាប្រាប់ដល់អ្នកសិល្បករថា ដល់ម៉ោងត្រូវហាត់បន្តហើយ។ នាងហឿន កំពុងតែគិតសង្ស័យចំពោះរបបខ្មែរក្រហមបានស្ទុះងើបឈររួចបបួលនាង អេង និងមិត្តភក្តិរួមក្រុមផ្សេងទៀតមានគ្នាប្រហែល ២០ នាក់ទៅហាត់បន្ត។
នាង ហឿន ក្រោយពីធ្វើចិត្តបានពីវុទ្ធី ក៏បានជួបស្នេហ៍ថ្មីជាមួយអ្នកចម្រៀងបដិវត្តន៍ដូចគ្នា ឈ្មោះឌុច មានអាយុ ៣២ ឆ្នាំ។ ដូចមានសម្រស់ដូចអ្នកស្រុកផ្សេងៗទៀតដែរ គឺមានសម្បុរខ្មៅស្រអាប់សក់រួញ កម្ពស់សមល្មមសាច់ឈាមអ្នកស្រុកចម្ការ។ ពីមុនដូចជាអ្នកភូមិ តានន ប៉ុន្តែក្រោយពីខ្មែរក្រហមជម្លៀសអ្នកភូមិអូរដាមកនៅ តានន អ្នកភូមិ តានន ក៏ត្រូវខ្មែរក្រហមជម្លៀសមកនៅភូមិស្រែជីពៅវិញ។ មុនជម្លៀស កំលោះចាស់នេះបួសជាព្រះសង្ឃនៅវត្តបាន ៥ វស្សាដែរ។
ដោយស្រលាញ់ នាងហឿន ពេក ឌុច បានដាច់ចិត្តទៅពឹងនាងអេងដែលជាមិត្តភក្កិរបស់នាងហឿនឲ្យធ្វើជាមេអណ្ដើកឱ្យហើយនាងអេងក៏យល់ព្រម។ នាងហឿន ពេលដឹងថា ឌុចមានចិត្តស្រឡាញ់មកលើខ្លួន ហើយមើលឃើញពីការព្យាយាមតស៊ូប្រឹងប្រែងរបស់ឌុចផង ថែមទាំងមានការណែនាំពីនាងអេងផងនោះ នាងហឿនក៏ចាប់ផ្ដើមមានពន្លកស្នេហ៍ថ្មី។ ក្រោយពេលស្គាល់គ្នាមួយរយៈ ដូចបានស្គាល់ពីសាវតារបស់ នាងហឿន យ៉ាងច្បាស់ថា អ្នកទាំងពីរមានជាប់សាច់ឈាមនឹងគ្នាដែរ។រយៈពេល ៣ ខែកន្លងផុតទៅការសិក្សាវិទ្យាសិល្បៈត្រូវបញ្ចប់។ សិល្បករបដិវត្តន៍ទាំងអស់ត្រូវត្រឡប់មកកាន់ភូមិរៀងៗខ្លួនវិញ។ចាប់តាំងពីថ្ងៃត្រឡប់មកវិញ ឌុច បានទៅលេងផ្ទះនាងហឿនរៀង រាល់ថ្ងៃមិនដែលរំលងថ្ងៃណាឡើយ។ ឯនាងហឿន វិញចាប់ផ្ដើមមានចំណងចិត្តលើឌុច កាន់តែខ្លាំងឡើងដែរ។ ចំណែកយាយលុយ និង តាខឹម ក៏យល់ពីបំណងរបស់កូនៗ ហើយមិនប្រកាន់ខឹងអ្វីឡើយ។
នៅដើមខែមករាឆ្នាំ ១៩៧៦ តំបន់សំឡូតមានសភាពជាធម្មតាដោយមិនទាន់មានការរឹតត្បិតឬលុបបំបាត់ជំនឿ ទំនៀមទម្លាប់ប្រពៃណីនៅឡើយទេ។ ជួនជាចៃដន្យ អំឡុងពេលដែល ឌុចទៅលេងនៅផ្ទះរបស់នាងហឿន កាន់តែញឹកញាប់ នាងហួយ ដែលជាប្អូនរបស់ នាងហឿន បានធ្លាក់ខ្លួនឈឺ ផឹកថ្នាំអ្វីក៏មិនបាត់ដែរ។ តាខឹម និង ប្រពន្ធបារម្ភណាស់ក៏បាននាំគ្នាទៅបូលរកគ្រូមើលតាមជំនឿពីបុរាណហើយរកឃើញដូនតាប្រកាន់ឌុច និង នាងហឿន។ ក្រោយមកចាស់ទុំបានឲ្យឋឌុច និងនាងហឿន រៀបការជាមួយគ្នានាពាក់កណ្ដាលខែមករាឆ្នាំ ១៩៧៦ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនទាំងសងខាងភ្ញៀវកិត្តិយសនិងកងយោធាបរិវត្តន៍ជាច្រើនក្រុម។បន្ទាប់ពីដូចនឹងនាងហឿនរៀបការរួចប្អូនស្រីពៅរបស់នាងហឿនក៏ជាសះស្បើយព្រមគ្នាដែរ។

ទោះបីជាមិនទាន់មានការអនុវត្តគោលការណ៍ខ្មែរក្រហមក្តី ពួកខ្មែរក្រហមមិនឲ្យតំបន់សំឡូតនៅក្រៅគោលការណ៍របស់ខ្លួនឡើយ។ ភាពធូរលង់នេះមិនមែនមកពីមូលហេតុដែលខ្មែរក្រហមគ្រប់គ្រងតំបន់សំឡូតមុនគេប៉ុណ្ណោះទេ តែវាជាការអន្តរាគមន៍មួយចំនួនដូចជា ហ៊ូ យន់ ហ៊ូនឹមជាដើម។ ក្រោយមកស្ថានការណ៍ចាប់ផ្ដើមតឹងរឹងខ្លាំង ចាប់តាំងពីពេល ហ៊ូ យន់ និងហ៊ូ នឹមបាត់មុខ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print