ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថាមានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្ត នូវវីដេអូ ដែលមានសកម្មភាព “មើលហើយធ្វើឱ្យមានការរន្ធត់ភ័យខ្លាច និងបង្ហាញពីភាពសាហាវ ព្រៃផ្សៃ” ដែលប្រភពដើមនៃវីដេអូនេះបានកើតឡើងនៅឯបរទេស មិនមែនក្នុងព្រះរាជាណាចក្រកម្ពុជាទេ។
តាមការស្រាវជ្រាវ ជំនាញកំណត់បានថា គណនីទំព័រហ្វេសបុកឈ្មោះ “page beer” មានតំណភ្ជាប់ https://www.facebook.com/share/r/15S5eXVcBs/?mibextid=wwXIfr បានយកវីដេអូខាងលើ យកមកបង្ហោះផ្សព្វផ្សាយ ក្នុងចេតនាទាក់ទាញចំណាប់អារម្មណ៍ឱ្យអ្នកចូលទស្សនាក្នុងទំព័រហ្វេសបុករបស់ខ្លួនបានច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយសូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើអោយមានការភាន់ច្រឡំពីសាធារណជន។
បន្ថែមពីនោះ ក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ដោយ៖តារា