ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងមានការសោកស្ដាយជាពន់ពេកក្រៃលែងជាមួយក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក នៅពេលបានទទួលដំណឹងថា លោកព្រិន្ទបាលឯក សួន ប៉ោន បានទទួលមរណភាពក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសពយោធិន សួន ប៉ោន ចំពោះការបាត់បង់ប្តី កូនប្រុសបង្កើត កូនប្រសារ ឪពុក និងបងប្អូន ជាទីគោរពស្រឡាញ់ ដែលបានផ្តល់នូវគុណតម្លៃដ៏ប្រពៃសម្រាប់គ្រួសារ ប្រកបដោយការទទួលខុសត្រូវ ខ្ពស់។ ព្រមជាមួយនេះផងដែរ ខ្ញុំ និងភរិយា ក៏សូមអរគុណដោយស្មោះសរ ចំពោះភាពអង់អាចក្លាហាន ការលះបង់ និងពលីដោយស្មារតីស្នេហាជាតិ មាតុភូមិ បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន កម្ពុជា របស់លោកព្រិន្ទបាលឯក សួន ប៉ោន រហូតដល់ថ្ងៃអវសាននៃជីវិត។
ខ្ញុំ និងភរិយា សូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក សួន រ៉ាន ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា ៖ ហេតុការណ៍ដែលបានកើតឡើងកាលពីពេលព្រឹកម្សិលមុិញ គឺបង្កឡើងដោយកងទ័ពថៃ ដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ។ ការបាញ់ប្រហារនេះ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។
«កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិ៕
ដោយ ៖ សិលា