រឿង ជីវិតប្រចាំថ្ងៃក្នុងរបប ប៉ុល ពត

ចែករំលែក៖

ក្រុមគ្រួសាររបស់ខ្ញុំមានសមាជិក ៩ នាក់។ យើងរស់នៅជួបជុំគ្នានៅក្នុងខ្ទមតូចមួយគ្មានជញ្ជាំង មានត្រឹមតែដំបូលប្រក់ស្បូវ។ យើងយកក្រណាត់បាំងធ្វើជាជញ្ជាំងគ្រាន់ការពារខ្យល់នៅពេលយប់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានបែកបាក់សាច់ញាតិចំនួន ៤ នាក់ ។ នៅក្នុងឆ្នាំ ១៩៧៧ ឪពុករបស់ខ្ញុំឈឺធ្ងន់ពុំមានថ្នាំព្យាបាលរហូតដល់ស្លាប់ ហើយយើងបានបូជាសពរបស់គាត់នៅក្បែរផ្ទះ។បងប្រុសច្បងរបស់ខ្ញុំត្រូវអង្គការស្នើយកទៅបាត់ទាំងពាក់កណ្ដាលអធ្រាត្រ បន្ទាប់ពីគាត់ត្រឡប់មកពីសួរសុខទុក្ខម៉ែរបស់ខ្ញុំដែលធ្លាក់ខ្លួនឈឺ ហើមដៃហើមជើង និងរាករូស។ ថ្ងៃនោះបងប្រុសរបស់ខ្ញុំមកដល់ផ្ទះប្រហែលជាម៉ោង ៨ យប់។ គាត់បានប្រាប់ម៉ែខ្ញុំថា ម៉ែខ្ញុំឃ្លានដល់ហើយ ម៉ែមានអីហូបទេ? ម៉ែឆ្លើយតបវិញថាកូនអើយ! មានអីហូបទេម៉ែគេឲ្យតែបបរបន្តិចបន្តួចប៉ុណ្ណោះ។បងប្រុសរបស់ខ្ញុំក៏តបទៅម៉ែវិញថា ខ្ញុំសុំដកដំឡូងនៅក្បែរផ្ទះបានទេ?ខ្ញុំចង់ស្ងោរឲ្យបានមួយកូនឆ្នាំងយកទៅហូបនៅកងណាម៉ែ។ ម៉ែខ្ញុំក៏បាននិយាយថា កូនប្រយ័ត្នប្រយែងណា ព្រោះគេហាមមិនឲ្យមានភ្លើងក្នុងផ្ទះពេលយប់ទេអង្គការទើបតែប្រជុំថ្មីៗ។
បងប្រុសរបស់ខ្ញុំក៏ស្ទុះចេញទៅក្រៅផ្ទះមួយភ្លែត រួចពេលត្រឡប់មកវិញមានកាន់ដំឡូងឈើពីរកូនមើមវែងៗ ហើយចាប់ផ្ដើមជីករណ្ដៅតូចស្មើនឹងឆ្នាំងនៅចំកណ្ដាលផ្ទះ រួចបង្កាត់ភ្លើងដាក់ដំឡូងក្នុងកំសៀវទឹក។ មិនយូរប៉ុន្មាន ស្រាប់តែមានកងឈ្លបពីរនាក់ស្លៀកពាក់ពណ៌ខ្មៅស្ពាយកាំភ្លើងពីរដើមមកដល់ ហើយសួរថា មិត្តឯងធ្វើអី្វ? បងរបស់ខ្ញុំឆ្លើយតបទៅវិញភ្លាមៗថា បាទមិត្តបង ខ្ញុំដាំទឹកផឹក។ ឈ្លបនោះនិយាយបន្តទៀតថា មិត្តឯងបើកគម្របកំសៀវមើលទឹកឬដំឡូង? ខ្ញុំឮហើយភ័យណាស់សម្ងំក្នុងភួយគ្របក្បាលជិត ប៉ុន្តែខ្ញុំក៏បើកបង្ហើបជើងភួយតិចៗ ដើម្បីលបមើលហេតុការណ៍ដែលកំពុងតែកើតឡើងចំពោះបងប្រុសរបស់ខ្ញុំម្ដងម្កាលដែរ។ កងឈ្លបនោះនិយាយបន្ថែមទៀតថា មកទៅជាមួយយើង។ និយាយចប់ហើយក៏បណ្ដើរបងប្រុសរបស់ខ្ញុំចេញទៅដោយមានតែក្រមាមួយស្លៀកជាប់នឹងខ្លួនតែប៉ុណ្ណោះ។ បងប្រុសរបស់ខ្ញុំបានចាកចេញទៅទាំងមិនបានលាម៉ែពុក បងប្អូន និងប្រពន្ធកូនជាទីស្រឡាញ់ទាល់តែសោះ។ចាប់តាំងពីពេលនោះបងប្រុសរបស់ខ្ញុំបានបាត់ដំណឹងសូន្យឈឹងរហូតមកដល់សព្វថ្ងៃនេះ។
ក្រោយៗមក អ្នកស្រុកចាប់ផ្ដើមបាត់ខ្លួនក្នុងគ្រួសារម្ដងមួយៗ ភាគច្រើននៅសល់តែមនុស្សស្រីនិងក្មេងតូចៗ។ អីវ៉ាន់ដែលមានតម្លៃរក្សាទុកក្នុងផ្ទះ ត្រូវកងឈ្លបឈ្លីពាសពេញដី។ បងប្រុសទី ២ របស់ខ្ញុំទ្រាំនឹងការឈឺចាប់ផ្លូវចិត្តមិនបាន ក៏សុំម៉ែរត់ចេញពីកងទាំងយប់ ហើយក៏បាត់ដំណឹងសូន្យរហូតដល់សព្វថ្ងៃនេះដែរ។ ក្មួយរបស់ខ្ញុំអាយុទើបតែបាន ៦ ខែបាក់ទឹកដោះស្លាប់ទៀត។ គ្រួសាររបស់ខ្ញុំនៅសល់សមាជិកតែ ៥ នាក់នោះទេ មកដល់ចុងឆ្នាំ ១៩៧៧ ។
បងប្អូនរបស់ខ្ញុំត្រូវបែកបាក់គ្នាទាំងអស់។ ខ្ញុំត្រូវអង្គការឲ្យចុះធ្វើស្រែក្រោម។ ប្អូនស្រីរបស់ខ្ញុំត្រូវអង្គការឲ្យទៅរែកជីលាមកនៅកងផ្សេង។ ប្អូនប្រុសរបស់ខ្ញុំអង្គការឲ្យទៅនៅជាមួយកងកុមារឆ្ងាយពីម្ដាយរបស់ខ្ញុំទៀត។ ចំណែកបងថ្លៃស្រីរបស់ខ្ញុំត្រូវនៅមើលម្ដាយរបស់ខ្ញុំដែលកំពុងតែដេកឈឺហើមដៃហើមយើង និងរាករូស។ ខ្ញុំត្រូវចុះទៅធ្វើស្រែក្រោមនៅឆ្ងាយដល់ឆ្នេរសមុទ្រមិនបានត្រឡប់មកវិញទេ។ ថ្ងៃមួយនៅពេលខ្ញុំកំពុងតែស្ទូងស្រូវ។ស្រាប់តែបានជួបនឹងកុមារម្នាក់ដែលធ្លាប់ស្គាល់ខ្ញុំ ហើយកុមារនោះបានប្រាប់ខ្ញុំថា បងស្រី ម៉ែរបស់បងឯងឈឺធ្ងន់ណាស់បងមិនគិតឡើងទៅមើលគាត់ខ្លះទេឬហើយខ្ញុំក៏ងក់ក្បាល។ ពេលល្ងាចជិតយប់ក្រោយពីស្ទូងរួច ខ្ញុំក៏ដាច់ចិត្តសុំមេកងទៅមើលម៉ែឈឺមួយភ្លែត។ មេកងឆ្លើយថា មិត្តនារីឯងពេទ្យឬ បើសិនជាមិត្តនារីឯងជាពេទ្យទៅមើលចុះ។ ពាក្យនេះមានន័យថា មេកងមិនឲ្យខ្ញុំទៅមើលម្ដាយរបស់ខ្ញុំទេ ហើយបើហ៊ានទៅ ពិតជាមានទោសជាមិនខាន។ ខ្ញុំស្ទាក់ស្ទើរក្នុងចិត្តណាស់។ យប់បន្តិចខ្ញុំក៏លួចរត់ចេញពីកងដើម្បីទៅមើលម៉ែឈឺនៅឯផ្ទះ។ មកដល់ផ្ទះ ខ្ទមងងឹតឈឹងរកតែភ្លើងបំភ្លឺមើលមុខម៉ែបន្តិចមិនបាន។ ខ្ញុំបានសួរសុខទុក្ខគាត់តិចៗព្រោះខ្លាចឈ្លបឮ។ ខ្ញុំដេកឱបម៉ែរបស់ខ្ញុំបានមួយយប់កក់ក្តៅណាស់។ ពេលត្រឡប់មកវិញម្ដាយរបស់ខ្ញុំបានផ្ដាំថា កូនអើយ! បើម៉ែស្លាប់ទៅកូនត្រូវចេះស្រឡាញ់បងប្អូន ចេះជួយគ្នាទៅវិញទៅមកណាកូន ម៉ែមិនអីទេណាកូន។ ម្ដាយរបស់ខ្ញុំផ្ដាំខ្ញុំរួចហើយគាត់ក៏ហុចកញ្ចប់មាសឲ្យខ្ញុំមួយថង់ដាក់ជាប់ទុកនឹងខ្លួនដើម្បីថែរក្សាទុកសម្រាប់ថ្ងៃក្រោយស្រុកសាន្តត្រាណយកមកប្រើប្រាស់។ ម៉ែផ្ដាំហើយ ខ្ញុំយំអោបម៉ែរួចម៉ែតឿនថា ប្រញាប់ទៅវិញកូនឲ្យទាន់គេចុះស្ទូង ព្រោះកូនលួចរត់មកប្រយ័ត្នមេកងចាប់កូនយកទៅរៀនទៀតណាកូន។ កុំគិតពីម៉ែអី ថ្ងៃណាថ្ងៃហ្នឹងទៅចុះកូន។ខ្ញុំសំពះលាម៉ែចុងក្រោយទាំងទឹកភ្នែកអួលណែនបំពង់ក ហើយរត់ចេញពីផ្ទះយ៉ាងលឿនខ្លាចទៅមិនទាន់ចុះស្ទោង។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print