ខេត្តឧត្តរមានជ័យ ៖ នៅប្រាសាទតាមាន់ នាព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥ នេះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំមានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមប្រភព ពីកងពលតូចថ្មេីរជេីងលេខ៤២ ។
ថ្ងៃនេះផងដែរ កងទ័ពកម្ពុជា និងកងទ័ពថៃក៏បានរួមសហការគ្នាពាក់ម៉ាស់បាញ់អាល់កុល ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ដែលបានកើតឡើងវិញមួយរយៈនោះ ។
សូមបញ្ជាក់ថា ៖ មេកងទ័ពកម្ពុជា និង ថៃ នៅថ្ងៃទី ២៩ ខែឧសភាម្សិលមិញ បានបើកការចរចាគ្នាជាលើកដំបូង ក្រោយការផ្ទុះអាវុធបង្កើតឡើងដោយកងទ័ពថៃនាំឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ជាលទ្ធផលនៃការចរចានោះ កងទ័ពកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន៤ចំណុច ដោយភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០។
ក្រោយជួបចរចាគ្នាអស់រយៈពេលជាង១ម៉ោង និង ២០នាទី នៅច្រកព្រំដែនចុងចម-អូរស្មាច់ខេត្តឧត្តរមានជ័យ មេកងទ័ពកម្ពុជា និងថៃ បានសម្រេចឯកភាពគ្នាចំនួន៤ចំណុចមានជាអាទិ៍ ប្រកាសបន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ៕
ដោយ ៖ សិលា