ព្រឹកនេះ ! នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលពលីជីវិតនៅសមរភូមិមុំបី ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ៖ ក្រោយកើតឡើងហេតុការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា និងថៃ បានជួបចរចាគ្នានៅច្រកព្រំដែនចុងចម-អូរស្មាច់។ ក្នុងជំនួបនេះ មានវត្តមាននាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។

បើតាមសេចក្ដីថ្លែងការណ៍របស់អគ្គបញ្ជាការដ្ឋានចេញផ្សាយល្ងាចមុិញ ភាគីកម្ពុជា-ថៃ នឹងបន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការ រួមមានគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យព្រំដែនប្រទេសទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាមួយគ្នានេះ ភាគីទាំងពីរ នៅតែបន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC)។ ការដោះស្រាយបញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

សេចក្ដីថ្លែងការណ៍ខាងលើ បញ្ជាក់ថា ភាគីកម្ពុជា បានស្នើឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ លើសពីនេះ  ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print