ភ្នំពេញ៖ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានទទួចស្នើសុំឱ្យកម្ពុជា-ថៃបន្តចរចាគ្នាដោយសន្តិវិធីពីបញ្ហាព្រំដែនដោយវៀតណាមជឿជាក់ថាកម្ពុជា និងថៃនឹងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងដោយសន្តិវិធី បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដោយកាំភ្លើងនៅព្រំដែន។
ការអំពាវនាវរបស់អ្នកនាំពាក្យវៀតណាមធ្វើឡើយក្រោយពីកងទ័ពកម្ពុជា និង ថៃ នៅម៉ោងប្រហែលជា ៥:៤៥ នាទីព្រឹកថ្ងៃទី២៨ ឧសភានេះ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវប្រហែលជា ១០នាទី។ ការផ្ទុះអាវុធដាក់គ្នានេះ គឺផ្តើមឡើងដោយភាគីប្រទេសថៃ ដែលបានបាញ់ប្រហារមុនមកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងតាំងពីយូរលង់ណាស់មកហើយ ដោយការវាយប្រហារនោះ បានបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
លោកស្រី Pham Thu Hang បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា៖ វៀតណាមជឿជាក់ថារាល់ការខ្វែងគំនិតគ្នារវាងថៃ និង កម្ពុជានឹងត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងដោយសន្តិវិធី ស្របតាមកិច្ចព្រមព្រៀងរបស់កម្ពុជា និងថៃ និង ស្មារតីសាមគ្គីភាពរបស់អាស៊ាន។
គួរបញ្ជាក់ថា មេកងទ័ពកម្ពុជា និង ថៃ នៅថ្ងៃទី ២៩ ឧសភាម្សិលមិញ បានបើកការចរចាគ្នាជាលើកដំបូង ក្រោយការផ្ទុះអាវុធបង្កើតឡើងដោយកងទ័ពថៃនាំឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ ជាលទ្ធផលនៃការចរចានោះ កងទ័ពកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន៤ចំណុច ដោយភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០។
ក្រោយជួបចរចាគ្នាអស់រយៈពេលជាង១ម៉ោង និង ២០នាទី នៅច្រកព្រំដែនចុងចម-អូរស្មាច់ខេត្តឧត្តរមានជ័យ មេកងទ័ពកម្ពុជា និងថៃ បានសម្រេចឯកភាពគ្នាចំនួន៤ចំណុចមានជាអាទិ៍ ប្រកាសបន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ៕ដោយ៖តារា