ភ្នំពេញ ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា ឃុន សៀ បានប្រកាសឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
ការចូលរួមឧបត្ថម្ភថវិការបស់អ្នកឧកញ៉ា ឃុន សៀ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ។
សូមបញ្ជាក់ថា ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ។ ក្រោយពីមានការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានភាពស្ងប់ចិត្ដ និងជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់លើលទ្ធភាពនៃការដោះស្រាយបញ្ហានេះ តាមរយៈការចរចា ជាជាងការដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
ក្នុងឱកាសថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ម្សិលមុិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា អ្វីដែលគួរឱ្យខ្លាចបំផុត គឺព័ត៌មានក្លែងក្លាយ អុចអាលដែលនាំទៅដល់សង្រ្គាមរវាងប្រទេសទាំងពីរ ក៏ដូចជាការស្អប់ជាតិសាសន៍ដែលនាំឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍ក្នុងទំនាក់ទំនងសហប្រតិបត្ដិការល្អ៕
ដោយ ៖ សិលា