កម្លាំងសមត្ថកិច្ចសែនសុខនិងខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យ៤នាក់ចាក់សោបន្ទប់ជួលលួចម៉ូតូ៣គ្រឿងកាលពី១ខែមុនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យលួចម៉ូតូចំនួន៤ នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលខណ្ឌឫស្សីកែវនិងខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ចាក់សោបើកទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០៣គ្រឿងនៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីមួយខែមុន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន១-ឈ្មោះ ហ៊ុន ចាន់វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ , ២-ឈ្មោះ សឿម សភា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលចល័តក្នុងរាជធានីភ្នំពេញ។ ៣-ឈ្មោះ គង់ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន)និង៤-ឈ្មោះ ជួន លីហេង ភេទប្រុស អាយុ២៧ឆ្នាំ (នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន)។

តាមសមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ធ្វេីការស្រាវជ្រាវនិងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ករណីលួចមានស្ថានទម្ងន់ទោសចាក់សោបេីកទ្វាររបងផ្ទះជួលលួចយកម៉ូតូចំនួន០៣គ្រឿង។

តាមប្រភពព័ត៌មានឲ្យដឹងទៀតថា កាលពីវេលាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ជនសង្ស័យមានគ្នា៤នាក់
ជិះម៉ូតូ០២គ្រឿងបានធ្វើសកម្មភាពលួចយកម៉ូតូ០៣គ្រឿង ១,ម៉ូតូម៉ាកហ្សូមើអុិច ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GM-3490 របស់ជនរងគ្រោះឈ្មោះ អ៊ួ ចាន់ធីណា, ២-ម៉ូតូម៉ាកស្កូបពី ពណ៌លឿងខ្ចី ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-9082 របស់ជនរងគ្រោះឈ្មោះ អ៊ួ សុខគា និង៣-ម៉ូតូម៉ាកអ៊ិចសាយទ័រ ពណ៌ស(របស់ជនរងគ្រោះ ពុំមកដាក់ពាក្យបណ្តឹង)នៅចំណុចបរិវេណបន្ទប់ជួល ជាន់ផ្ទាល់ដី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូជិះគេចខ្លួនបាត់ជនរងគ្រោះចំនួនពីរនាក់បានមកដាក់ពាក្យបណ្ដឺង រួច សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ ឆែកមើលរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពរបស់ក្រុមជនសង្ស័យ និងកំណត់បានមុខសញ្ញា។

តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី បានទទួលព័ត៌មានពីសមត្ថកិច្ចខណ្ឌឫស្សីកែវ បង្រ្កាបក្នុងករណី លួចមានស្ថានទោស(ឆក់ខ្សែក) នៅចំណុចផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ។

នៅក្នុងចំណោមជនសង្ស័យចំនួន៣នាក់នោះមានពីរនាក់១,ឈ្មោះ គង់ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ២,ឈ្មោះ ជួន លីហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរបានសារភាពធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហ្សូមឺអ៊ិច និងម៉ាកស្កូបពី នៅក្នុងសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ រួចសមត្ថកិច្ចក៏ឡើងទៅសហការជាមួយសមត្ថកិច្ចខណ្ឌឫស្សីកែវដើម្បីសាកសួរស្តាប់ចម្លើយ ហើយនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី និងផ្នែកជំនាញខណ្ឌសែនសុខ បានបន្តស្រាវជ្រាវ ឈានទៅជាមួយនគរបាខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហ៊ុន ចាន់វាសនា ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចតាមផ្លូវ២០០៤(ខណ្ឌពោធិ៍សែនជ័យ)នៅវេលាម៉ោង ២០ និង០០នាទី។ លុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបន្តស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ សឿម សភា ហៅ ភា ភេទប្រុស អាយុ៣៣ឆ្នាំនៅផ្ទះសំណាក់មួយកន្លែងនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យក៏បានសារភាពថាខ្លួន បានធ្វើសកម្មភាពចូលលួចយកម៉ូតូចំនួន៣ គ្រឿងកាលពីមួយខែមុនពិតប្រាកដមែន។ ពាក់ព័ន្ធម៉ូតូចំនួន ៣ គ្រឿងត្រូវបានជនសង្ស័យយកទៅលក់អស់ពុំដករហូតបានឡើយ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួនអ្នកទិញបន្តទៀត ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print