ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ នាំយកសារលិខិតរំលែកទុក្ខ ព្រមទាំងបច្ច័យចំនួន៥លានរៀល ប្រគល់ជូនគ្រួសារសពលោកព្រិន្ទបាលឯក សួនរ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។
នាយឧត្តមសេនីយ៍ ស ថេត បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។
នាយឧត្តមសេនីយ៍ ស ថេត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ៖ ព្រិន្ទបាលឯក សួន រ៉ោន យុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ បានពលីជីវិតក្នុងអាយុ ៤៧ឆ្នាំ កាលពីថ្ងៃទី ២៨ ខែឧសភា ក្នុងហេតុការណ៍វាយឆ្មក់ពីកងទ័ពថៃទៅលើលេណដ្ឋានកម្ពុជានៅតំបន់មុំបី។ ការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន ទទួលបានសាររំលែកទុក្ខគ្រប់មជ្ឈដ្ឋាន និងត្រូវបានចាត់ទុក ជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ ៕
ដោយ ៖ សិលា