ទីក្រុងតូក្យូ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង មានអត្ថប្រយោជន៍ដែលអាចផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋបានទៅដល់តំបន់ព្រំដែន ដែលពីមុនមកយើងមិនធ្លាប់បានទៅដល់ ជាពិសេសគឺនឹង ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការវិនិយោគនៅតំបន់ព្រំដែនផងដែរ។
ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងផ្លូវតាមបណ្តោយព្រំដែន គឺជាវិធីសាស្រ្តដ៏ល្អបំផុតដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែន និងដើម្បី ការពារបូរណភាពទឹកដីរបស់យើង ព្រោះថា ខឿនការពារជាតិដ៏ល្អបំផុតរបស់យើង គឺប្រជាជន។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមាននិន្នាការផ្សេងៗ កុំលាបពណ៌ចោទប្រកាន់មកលើប្រជាជនដែលបានចូលរួមថវិកាក្នុងការកសាងផ្លូវនៅតាមបណ្តោយព្រំដែន ហើយប្រជាជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ក៏កុំលាបពណ៌ចំពោះអ្នកដែលមិនបានចូលរួមដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅចំពោះមុខពលរដ្ឋ និស្សិត និងពលករខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនថា បញ្ហាព្រំដែនគឺត្រូវការជំនាញច្បាស់លាស់ ត្រូវការឯកសារច្បាស់លាស់ ត្រូវការបច្ចេកទេសច្បាស់លាស់ និងផ្អែកលើច្បាប់ ដើម្បីដោះស្រាយ ទើបសម្រេចបានជោគជ័យ និងយូរអង្វែង។ សម្ដេចធិបតីបន្ថែមថា កម្ពុជាចង់ដោះស្រាយ បញ្ហាព្រំដែនដោយសន្តិភាព ដោយសន្តិវិធី និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ ក្នុងករណីមានការរំលោភបំពានណាមួយ៕
ដោយ ៖ សិលា