ទីក្រុងតូក្យូ ៖ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ខ្ញុំសុំឱ្យបងប្អូនទាំងអស់ មិនថាអ្នកស្របជាមួយរដ្ឋាភិបាល មិនស្របជាមួយរដ្ឋាភិបាល សុំកុំលាបពណ៌ដែលបងប្អូនដែលចូលរួមរដ្ឋាភិបាលនៅក្នុងការធ្វើផ្លូវនៅតាមព្រំដែន។ យើងធ្វើដើម្បីជាតិទាំងអស់គ្នាទេ។ បើបងប្អូនចូលថវិកាធ្វើផ្លូវព្រំដែន សុំជួយអបអរសាទរទៅ កុំជេរគាត់ថាទ្រពង។ ទាល់តែមកធ្វើរបងដូចយើងបានស្នេហាជាតិ! ហើយបងប្អូនយើងដែលចូលរួមក្នុងការធ្វើផ្លូវ ក៏មិនចាំបាច់ទៅលាបពណ៌អ្នកដែលទារធ្វើរបង ថាជាអ្នកមិនស្រឡាញ់ជាតិនោះដែរ។ គឺស្រឡាញ់ដូចគ្នា តែយើងត្រូវគោរពសិទ្ធិគ្នា។ តែទោះជាយ៉ាងណាគោលដៅតែមួយទេ គឺអភិវឌ្ឍន៍ព្រំដែនរបស់យើង ដើម្បីការពារទឹកដីរបស់យើង។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖ បក្សប្រឆាំងមិនដែលបានចូលរួមជួយដល់កងទ័ពនៅសមរភូមិបានមួយរៀលនោះទេអន់ជាងអ្នកសុំទានដែលបានចូលរួមថវិកាជួយដល់កងទ័ពនូវតាមសមរភូមិដើម្បីការពារទឹកដី។
សម្ដេចធិបតីបានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងទ័ពខុសៗគ្នា កងទ័ពសម្រាប់វ៉ៃលុក ថ្មើរជើង កងទ័ពសម្រាប់ឧបត្ថម្ភគ្រប់គ្រងស្បៀងអាហារ កងទ័ពសម្រាប់អន្តរាគមន៍។ រាជរដ្ឋាភិបាលបានគិតគូរចំពោះសុខទុក្ខកងទ័ពតាំងពីដើមតរៀងមករហូតដល់បច្ចុប្បន្ន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់បណ្ដាកងទ័ពទាំងអស់ ពិសេសតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការត្រៀមយុទ្ធោបករណ៍(សម្ភារយោធា)នានា បង្ហោះនៅលើបណ្ដាញសង្គមនោះអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព ៕
ដោយ ៖ សិលា