ទីក្រុងតូក្យូ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការដោះស្រាយរឿងព្រំដែនមិនមែនមានអ្វីបន្តិចប្តឹងនោះទេ ពោលគឺធ្វើតាមជំនាញនៃការចរចា និងដោះស្រាយដោយមានការទទួលខុសត្រូវ ខណៈកាលណាមានការប្តឹងហើយនឹងមានការបិទផ្លូវការចរចាទាំងអស់ រួមទាំងបិទច្រកព្រំដែនថែមទៀតផង។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា «កម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ»។
ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលយើងត្រូវអត់ធ្មត់ខិតខំប្រឹងប្រែងដោះស្រាយតាមផ្លូវច្បាប់ ផ្លូវការទូត។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលបោះបង្គោលតាមព្រំដែនគឺមិនចង់ឲ្យនៅសល់ភាពស្រពិចស្រពិលមិនច្បាស់លាស់នាំឲ្យកូនខ្មែរជំនាន់ក្រោយមានជម្លោះរវាងប្រទេសជិតខាង ពោលគឺការបោះបង្គោលខណ្ឌសីមាព្រំដែនត្រូវការគណៈកម្មាធិការព្រំដែនរវាងប្រទេសទាំងពីរ យោធា កងទ័ព មិនអាចកំណត់ព្រំដែនតាមរយៈកងកម្លាំងវ៉ៃគ្នានោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះបងប្អូនខ្មែរដែលខំធ្វើដំណើរមកឆ្ងាយ ដើម្បី មកជួបជុំគ្នានាពេលនេះ បង្ហាញពីការគោរពស្រឡាញ់ជាតិសាសនាខ្មែរដូចគ្នា។ សម្ដេចបានជម្រាបថា កម្ពុជាចង់មានទំនាក់ទំនងទាំងអស់លើពិភពលោកដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិយើង។
សម្ដេចធិបតី លើកឡើងថា ៖ ដំណើរទស្សនៈកិច្ចនាពេលនេះគឺដើម្បីទំនាក់ទំនងដំឡើងកម្រិតការទូតរវាងកម្ពុជាជប៉ុនជាកម្រិតខ្ពស់បំផុតនៃការទំនាក់ទំនងរវាងកម្ពុជាជប៉ុនក្នុងប្រវត្តិសាស្រ្ត។សម្ដេចមិនបានចាប់អារម្មណ៍និងការស្រែកតវ៉ាលើកបដាមនុស្ស ២០ទៅ៣០ នាក់នោះទេ ៕
ដោយ ៖ សិលា