សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការចោទប្រកាន់ថា រាជរដ្ឋាភិបាលបញ្ជូនពលករទៅធ្វើ «ខ្ញុំគេ» ជារឿងត្រឹមត្រូវដែរឬទេ?

ចែករំលែក៖

ទីក្រុងតូក្យូ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក តែងមានអ្នករិះគន់ចោទប្រកាន់ថា រាជរដ្ឋាភិបាល បញ្ជូនពលករទៅធ្វើជាខ្ញុំបម្រើគេ ដែលនេះមិន មែនជារឿងត្រឹមត្រូវនោះឡើយ ព្រោះថា គ្រប់ប្រទេសតែងតែមានពលករចំណាកស្រុកទៅកាន់ ប្រទេសនានាដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្តែងពលករកម្ពុជាមកធ្វើការនៅជប៉ុន ប៉ុន្តែក៏មានពលករជប៉ុនទៅបម្រើការងារនៅសហរដ្ឋអាម៉េរិកផងដែរ ចំណែកពលករខ្មែរទៅធ្វើការនៅថៃ ប៉ុន្តែក៏មានពលករថៃ ទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែលជាដើម ដែលនេះជាក្រឹត្យក្រមធម្មតានៃវិស័យការងារ។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរទៅអ្នកដែលរិះគន់ថា តើគណបក្សរបស់ខ្លួនហ៊ានចេញគោលនយោបាយបិទឈប់បញ្ជូនពលករខ្មែរទៅបម្រើការងារនៅក្រៅប្រទេសដែរឬទេ ហើយបើសិនជាចេញគោលនយោបាយបែបនេះមែន អ្នកដែលជំទាស់មុនគេ ច្បាស់ជាពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ នៅពេលខាងមុខនេះ មានក្រុមហ៊ុនមួយគ្រោងបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំរបស់រថយន្ត Mercedes នៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស។ សម្ដេចធិបតីរំលេចបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូនខ្មែរកាន់តែមានសមត្ថភាពនៅក្នុងការរៀបចំបង្កើត និងដំឡើងគ្រឿងយន្តជាច្រើនក្នុងនោះមានតាំងពីការដំឡើងរថយន្តជាដើម។ សម្ដេចធិបតីបន្ថែមថា នៅពេលថ្មីៗកន្លងមកនេះ កូនខ្មែរបង្កើតបាននូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនរហូតទទួលបានពានរង្វាន់អន្តរជាតិ ហើយថែមទាំងប្រទេសនានាយកកម្មវិធីដែលបង្កើតដោយកូនខ្មែរនោះយកទៅប្រើថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងរដ្ឋសភាជប៉ុន បានកោតសរសើរចំពោះអត្តចរិកបងប្អូនខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុនថា មានភាពស្មោះត្រង់ និងព្យាយាមធ្វើកិច្ចការងារ។ ជាមួយគ្នានោះសម្តេចក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print