ភ្នំពេញ៖ លោក សៀក សារឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ ធ្វេីការណែនាំ លោកស្រី អេន ចរិយា ជុំវិញការបង្ហោះវីដេអូ សកម្មភាព និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញសង្គមនានា និងធ្វេីកិច្ចសន្យាបញ្ឈប់ការបង្ហោះ លុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់ធ្នាប់សង្គម និងភាពថ្លៃថ្នូររបស់សង្គមជាតិ ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។
នៅក្នុងកិច្ចសន្យាណែនាំរបស់មន្ទីរធម្មការនិងសាសនាខេត្តកណ្តាល មានដូចខាងក្រោម៖
១. នាងខ្ញុំសូមលុបរាល់រូបភាព និងវិដេអូណាដែលប៉ះពាល់ដល់ប្រពៃណី ទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់ធ្នាប់សង្គម និងភាពថ្លៃថ្នូររបស់សង្គមជាតិ តាមបណ្តាញសង្គមទាំងអស់។
២. នាងខ្ញុំសូមអំពាវនាវដល់បងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាកុំយករូប ភាព និងវិដេអូ របស់នាងខ្ញុំ ទៅត្រូល ទៅបង្ហោះបន្ត នៅតាមបណ្តាញសង្គមគ្រប់ប្រភេទ និងសូមជួយ លុបនូវរាល់រូបភាព និងវិដេអូរបស់នាងខ្ញុំទាំងអស់ចេញវិញផង។
៣. បើបងប្អូននៅតែបន្តថតចម្លងបង្ហោះចែកចាយតទៅទៀត នាងខ្ញុំមិនទទួលខុសត្រូវឡើយ ហើយ បងប្អូនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដោយខ្លួនឯង។
៤. នាងខ្ញុំមិនបានតាំងខ្លួនព្រះនាមឥន្ទ្រទេវី និងផ្លូវបារមីយកទៅបោកប្រាស់នរណាម្នាក់ក្នុង បណ្តាញសង្គមហ្វេសបុកនោះទេ។
នាងខ្ញុំ សូមគោរពអនុវត្តទៅតាមច្បាប់ ពុំដូច្នោះទេ នាងខ្ញុំព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជា ធរមាន។ ក្រែងពុំប្រាកដ នាងខ្ញុំ សូមផ្តិតមេដៃស្តាំទុកជាភស្តុតាង៕ដោយ៖តារា