ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានកុមារ នៃអង្គការផ្ទះបាយកុមារ ចាត់ទុកជាប៉ាៗ រួមនឹងសមាជិក សមាជិកា នៃគ្រួសារស.ស.យ.ក. ព្រមទាំងសប្បុរសជន បានអញ្ជើញចូលរួមកម្មវិធីខួបកំណើតរួមគ្នារបស់កុមារចំនួន ៦០០នាក់ នៃអង្គការផ្ទះបាយកុមារ ស្ថិតនៅផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។
អង្គការផ្ទះបាយកុមារ ចាប់បើកពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១០ ។ សព្វថ្ងៃនេះ កុមារប្រមាណជាង ៨៨៨ នាក់ បានទទួលសេវាពីផ្ទះបាយកុមារ ដោយក្នុង ១ថ្ងៃៗ មានកុមារពី ១៥០ ទៅ ២៥០នាក់ មកទទួលអាហារ ងូតទឹក កាត់សក់ លេង អាន សម្រាក ជាដើម ។
គោលបំណងនៃការបង្កើតអង្គការផ្ទះបាយកុមារ មាន ៣ផ្នែកសំខាន់ៗ គឺ ១. ផ្នែកស្បៀង , ២. ផ្នែកអប់រំ និង ៣. ផ្នែកសុខភាព ដោយផ្ទះបាយកុមារ ជួយដល់ ១០សហគមន៍ សរុបកុមារចំនួន ៨៨៨នាក់ ។ មិនត្រឹមតែជួយកុមារនោះទេ ប៉ុន្តែផ្ទះបាយកុមារ បានជួយដល់និស្សិតជាង ១០នាក់ ដោយផ្តល់ជាស្បៀង សម្ភារៈអនាម័យ សម្លៀកបំពាក់ និងឧបត្ថម្ភថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ការសិក្សាផងដែរ ។
ក្រៅពីនេះ ផ្ទះបាយកុមារ ក៏ជួយផ្តល់ទឹកដោះគោដល់ទារក ចំនួន ១៤៥ នាក់ ដែលទារកទាំងនេះ មានបញ្ហាសុខភាព ម្តាយមិនអាចឱ្យកូនបៅបាន ដូចជា៖ មានជំងឺអេដស៍ ញៀន គ្មានទឹកដោះ ម្តាយនៅវ័យក្មេងពេក និងក្រក្រីពេក រួមនឹងជួយអង្ករ និងគ្រឿងទេសដល់ចាស់ៗ ដែលរើសអេដចាយ និងចាស់ៗរកស៊ីតាមចិញ្ចើមផ្លូវ ចំនួន ៣០០នាក់ផងដែរ ។
កុមារ និងអតីតកុមារ នៃអង្គការផ្ទះបាយកុមារ បានបង្ហាញក្ដីសប្បាយរីករាយចំពោះការយកចិត្តទុកដាក់មកលើកុមារក្រីក្រ កុមាររើសអេដចាយ សុំទាន បានទទួលអាហារហូបឆ្អែត បានសម្អាតខ្លួន បានសម្រាក បានលេង បានអាន សរសេរ ងូតទឹក និងបានចូលរៀន ដោយផ្តល់សម្លៀកបំពាក់សិស្ស និងសម្ភារៈសិក្សាបានយ៉ាងល្អ ។ ពួកគេ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី និងសប្បុរសជននានា ដែលជួយគាំទ្រដល់អង្គការនេះ បានដំណើរការដោយរលូន ទើបធ្វើឱ្យពួកគេ បានរស់នៅស្រួលជាងមុន។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធីនេះរៀបចំឡើង ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា ២០២៥ ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់កុមារនៃអង្គការផ្ទះបាយកុមារ កុំបាក់ទឹកចិត្ត និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ ។
ក្នុងនាមប៉ាៗ លោក ហ៊ុន ម៉ានី នឹងបន្តយកចិត្តទុកដាក់ ចំពោះកុមារនៅអង្គការផ្ទះបាយកុមារ ទាំងការថែទាំសុខភាព និងការសិក្សាជាដើម ៕
ប្រភព ៖ «CCFR China state-controlled media »