ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនមុខសញ្ញាលួចរថយន្ត៣ នាក់ក្នុងនោះមានម្នាក់ជាអ្នកទទួលទិញផលចោរកម្ម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ពន្ធពីបទលួ ចដោយមានស្ថានទម្ងន់ទោស ដែលក្នុងនោះមានម្នាក់សង្ស័យជាប់សាច់ឈាមលោកអធិការខណ្ឌផងដែរ ។
ជនសង្ស័យទាំង៣ នាក់មាន ៖
១.ឈ្មោះ លៀក ចាន់សុភាព ភេទប្រុស អាយុ៤៥ ឆ្នាំ ។
២.ឈ្មោះ គង់ វុត្ថា ភេទប្រុស អាយុ៤២ ឆ្នាំ ។
៣.ឈ្មោះ ដាំ ធូ ភេទប្រុស អាយុ៤៣ ឆ្នាំ ។
ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៤ និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ មានករណីចោរលួចរថយន្ដមួយគ្រឿងម៉ាក GAC GN8 ស៊េរីឆ្នាំ 2025 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC- 3260 នៅចំណុចមុខផ្ទះលេខ73 បុរី90 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ួន ស្រីណែត ភេទស្រី អាយុ ២៦ ឆ្នាំ ។ ក្រោយកើតមានអំពើចោរកម្មនោះលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ឲ្យកម្លាំងការិយាល័យជំនាញចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីវែកមុខ មុខសញ្ញាលួចរថយន្តនោះ ។ ដោយមានការដឹកនាំផ្ទាល់ពីលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានរតាមប្រមាញ់មុខសញ្ញាចោរលួចរថយន្ត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣ នាក់ ក្នុងនោះមានម្នាក់ជាអ្នកទទួលទិញផលចោរកម្ម និងដកហូតវត្ថុតាងរថយន្តមួយគ្រឿងជាកម្មសិទ្ធិរបស់ជនរងគ្រោះផងដែរ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ដោយ៖ រ៉ារ៉ា