ខេត្តបន្ទាយមានជ័យៈក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ហើយមូលនិធិគន្ធបុប្ផាកម្ពុជា មានការរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានរៀបចំជិះកង់ជុំវិញខេត្ត ដឹកនាំដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក លោកជំទាវ អស់លោក លោកស្រី មន្ទីរអង្គភាព មន្ត្រីរាជការ សិស្សានុសិស្សយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឲ្យមានការចូលរួមបរិច្ចាកជូនមូលនិធិគន្ធបុប្ផាកម្ពុជាទោះតិចក្ដី ច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រឡាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា។
ក្នុងការជិះកង់នេះផងដែរ យើងសង្កេតឃើញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បាននិមន្តអញ្ជើញចូលរួមអបអរសាទរ និងបានប្រគល់ថវិកាបានមកពីការកៀងគរមូលនិធិគន្ធបុប្ផាចូលរួមគាំទ្រដល់យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាកជូនមូលនិធិគន្ធបុប្ជាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស បងប្អូនប្រជាពលរដ្ឋព្រមទាំងព្រះសង្ឃផងដែរ ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារកនិងកុមារនៅកម្ពុជា ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ និងខ្មែរជួយខ្មែរ ៕ វណ្ណា