ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារថា ៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសម្តែងនូវមនោសញ្ចេតនារីករាយ និង គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះ។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញនូវឆន្ទៈ មោះមុតនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឱ្យ បងប្អូនជនរួមជាតិយើង រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ កុមារនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកថា ៖ ឆ្នាំនេះ ទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “បញ្ឈប់អំពើ ហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព៕
ដោយ ៖ សិលា