ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្ត ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។
១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៥ ៕
ដោយ ៖ សិលា