ភ្នំពេញ ៖ ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្ត ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។ នេះជាប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញនិងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់សិទ្ធិនិងឧត្តម ប្រយោជន៍របស់កុមារ ដោយធ្វើឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាពនិងគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួម យ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់ សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ក្នុងនោះ អត្រា មរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះគួរឱ្យកត់សម្គាល់ ដែលជា ការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ៖ ចំពោះវិស័យ អប់រំ រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកបដោយសមធម៌និងបរិយាបន្ននៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំ មូលដ្ឋានរយៈពេល៩ឆ្នាំ រួមទាំងវិធានការលើកកម្ពស់គុណភាពនិងការឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់ វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវា អប់រំគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយកិច្ចការពារកុមារនៅតាមសាលារៀន ការអប់រំបែបវិជ្ជមាន និងលុបបំបាត់អំពើហិង្សានៅគ្រប់កម្រិត។ លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិគាំពារសង្គមនិងកំពុងជំរុញការអនុវត្តគោលនយោបាយនេះ ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។ តាមរយៈប្រព័ន្ធជំនួយសង្គម បានផ្តល់ការគាំពារ ដល់ប្រជាជនដែលរស់នៅក្រោមនិងក្បែរបន្ទាត់នៃភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងជនចាស់ជរាគ្មានទីពឹង។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមាន ពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាដែលមានអាយុ៦០ឆ្នាំឡើង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនផ្ទុក មេរោគអេដស៍និងជំងឺអេដស៍។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៃគ្រួសារដែលមានបណ្ណសមធម៌ កម្មវិធីគាំទ្រការបង្កើតមុខរបរដល់គ្រួសារ ក្រីក្រ។ កម្មវិធីទាំងអស់នេះ គឺជាកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយ ភាពក្រីក្រ៕
ដោយ ៖ សិលា