ភ្នំពេញ ៖ ទោះថៃ មិនព្រមឡើងទៅតុលាការ ICJ ក៏ដោយ តែកម្ពុជា នៅតែបន្តប្តឹងទៅ ICJ ដែរ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ។ នេះជាប្រសាសន៍សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ប្រព្រឹត្តទៅ ដោយអង្គចូលរួម ២៩២រូប។
សម្តេចធីបតី ហ៊ុន ម៉ាណែត បន្តថា ៖ សម្តេចបានចុះទៅដល់សមរភូមិព្រះវិហារ កាលពីម្សិលមិញ ។
កម្ពុជាមិនចង់បានទឹកដីអ្នកណាទេ តែកម្ពុជាដាច់ខាតមិនអោយអ្នកណាមកឈ្លានពានខ្លួនបានឡើយ … អ្វីដែលកងទ័ពយើងត្រូវការនៅពេលនេះគឺការគាំទ្រលើកទឹកចិត្តរបស់ប្រជាជនយើង … ខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបទោះមាននិន្នាការនយោបាយណាក៏ដោយ សូមគាំទ្រកងទ័ពយើង និង សូមកុំធ្វើអ្វីដែលប៉ះពាល់ទឹកចិត្តកងទ័ពអោយសោះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងសមាជរដ្ឋសភា & ព្រឹទ្ធសភា ទី ១ ថ្ងៃទី ២ ខែមិថុនា ២០២៥ ។
ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ ៕
ដោយ ៖ សិលា