ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញការឈឺចាប់ចំពោះទាហានខ្មែរម្នាក់ ដែលបានបាត់បង់ជីវិត ដោយសារតែទាហានថៃលួចឆ្មក់បាញ់ នៅលើទឹកដីខ្មែរ(មុំបី) កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ខណៈការបាញ់នេះ បានឈ្លានពានយ៉ាងគឃ្លើន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចពិតជាមានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីទាហានខ្មែរម្នាក់ត្រូវបានទាហានថៃលួចបាញ់សម្លាប់លើទឹកដីខ្មែរ ហើយថែមទាំងទាមទារឲ្យកម្ពុជាដកកងទ័ពរបស់ខ្លួនចេញពីដីខ្មែរ(តំបន់មុំបី)ថែមទៀតនោះ។ ដូច្នេះយើងត្រូវ មានការឆ្លើយតបទៅវិញជាបន្ទាន់ ដើម្បីការពារនូវសិទ្ធិ និងអធិបតេយ្យរបស់ខ្លួនគ្រប់មធ្យោបាយទាំងអស់។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា បើទោះបីជាថៃមិនព្រមឯកភាពលើកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិទេនោះ ក៏កម្ពុជានៅតែប្តឹងទៅដែរ រួមទាំងមានការឆ្លើយតបដោយប្រការណាមួយថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យគ្រប់ស្ថាប័ន និងនីតិប្រតិបត្តិទាំងអស់ ចេញសេចក្តីថ្លែងការណ៍គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជា យកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ( ICJ)ផងដែរ។
បន្ថែមពីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា តំបន់នៅព្រំដែនជារបស់កម្ពុជា ហេតុអ្វីបានជាភាគីថៃចង់ឱ្យកម្ពុជាដកកងទ័ពចេញពីទឹកដីរបស់ខ្លួននោះទៅវិញ ដូច្នេះសម្តេចបានផ្តាំទៅភាគីថៃវិញថា«វាមិនអាចទៅរួចនោះទេ»៕ដោយ៖តារា