សម្តេចតេជោ ៖ យន្តការចរចានៅតែបន្តតែយើងត្រូវបបួលភាគីថៃទៅតុលាការ បើគេមិនព្រមទៅយើងត្រូវប្តឹង

ចែករំលែក៖

ភ្នំពេញ ៖ យន្តការចរចានៅតែបន្តតែយើងត្រូវបបួលភាគីថៃទៅតុលាការ បើគេមិនព្រមទៅយើងត្រូវប្តឹង …. ២៥ ឆ្នាំហើយដែលយើងចរចាគ្នា ក្នុងនេះខ្ញុំបានប្រើពេល ២៣ ឆ្នាំកន្លះ ហើយបន្តមករាជរដ្ឋាភិបាលថ្មីនេះ … តើមានអ្វីនៅពីក្រោយរឿងនេះ ? … បើយើងមិនដោះអោយបានចប់ទេ ចំណុចនេះនឹងដូចករណីប៉ាលេស្ទីន អុីស្រាអែល …. ទោះយ៉ាងនេះក្តី សូមប្រជាជនយើង ចៀសវាងកុំអោយទំនាស់នេះរាលដាលជាទំនាស់ជាតិសាសន៍អោយសោះ ទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ អ្វីៗទៀតរក្សាអោយបានធម្មតា។ នេះជាសង្ខេបប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសមាជរដ្ឋសភា & ព្រឹទ្ធសភា លើកទី ១ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយ ក្នុងប្រវត្តិសាស្ត្រ ហើយកម្ពុជាសុំសិទ្ធិត្រឹមការពារទឹកដីដែលនៅសល់ប៉ុណ្ណោះដោយមិនចង់បានដីរបស់នរណា នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «កម្ពុជាគ្មានត្រូវការ ទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដី របស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេច ចំនួន ៨៤% ទៅហើយ នៅសល់ ១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក, កម្ពុជាជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន ៨៦% ហើយ នៅសល់ ១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល ២៥ឆ្នាំហើយ គឺអត់ទាន់បានធ្វើអ្វីក្រៅពីដើររកប ង្គោលតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយនោះទេ រឿងនេះវានឹងនៅតែបន្តទៀត។

សម្តេចប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបញ្ជាក់ថា មិនមែនយកបញ្ហាការប្តឹងផ្តល់មួយនេះ ហើយបញ្ឈប់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចមកហើយនោះទេ រឿងក្តី គឺរឿងក្តី តែរឿងកិច្ច សហប្រតិបត្តិការ នៅតែសហប្រតិបត្តិការ មិត្តភាពរវាងកម្ពុជា-ថៃ នៅតែមានដដែល។

សម្ដេចតេជោ ហ៊ុន សែន រម្លឹកជាថ្មីថា កន្លែងដែលទ័ពថៃចូលមកបាញ់ទ័ពកម្ពុជា ជាតំបន់ដែលកម្ពុជាកាន់កាប់តាំងពីឆ្នាំ១៩៨៨។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការបបួលគ្នាយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាការទុកមុខឲ្យគ្នាទៅវិញទៅមក។ បើមិនឲ្យ ICJ ដោះស្រាយទេនោះ ជម្លោះបែបនេះនឹងនៅបន្តរាប់រយឆ្នាំទៀតមិនខាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print