រឿង ជីវិតពិតកុមារា សុខ ខេង

ចែករំលែក៖

សុខ ខេង កើតនៅឆ្នាំ ១៩៦៥ នៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងត្រកូលគ្រួសារកសិករ។ នៅពេលមានអាយុប្រហែល ៧ ឆ្នាំ សុខ ខេង បានចូលរៀននៅសាលាវត្តសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វដែលមានព្រះសង្ឃជាគ្រូបង្រៀន។ សុខ ខេង មានបងប្រុសច្បងម្នាក់ឈ្មោះមសុខខេម មានអាយុលើស សុខ ខេង តែ ៥ ឆ្នាំប៉ុណ្ណោះ។ សុខ ខេង និងបងប្រុសតែងតែដើរទៅរៀននៅសាលាវត្តជាមួយគ្នា។ នៅពេលស្រុកទេសប្រែប្រួល សុខ ខេង និងបងប្រុសត្រូវឪពុកម្ដាយយកមកឲ្យរស់នៅជាមួយនឹងជីដូនជីតាខាងម្ដាយ ព្រោះពួកគាត់ត្រូវចេញទៅធ្វើស្រែនៅឯស្រុកឆ្ងាយ។ ក្រៅពីការសិក្សា សុខ ខេង ត្រូវចេញទៅឃ្វាលគោជាមួយកុមារដទៃនៅក្នុងភូមិ។
ក្នុងអំឡុងឆ្នាំ ១៩៧៥ ដែលខ្មែរក្រហមកាន់អំណាច សុខ ខេងមានអាយុទើបតែ ១១ ឆ្នាំប៉ុណ្ណោះ។ ពេលនោះ សុខ ខេង ត្រូវនៅបែកពីឪពុកម្ដាយដោយសារតែអង្គការឲ្យឪពុកម្ដាយរបស់គាត់ ចូលបម្រើការងារទៅទីកន្លែងផ្សេងៗតាមការចាត់តាំងរបស់អង្គការ។
* ជីវិតកុមារក្នុងសម័យ ប៉ុល ពត÷
សុខ ខេង ត្រូវអង្គការតម្រូវឲ្យរស់នៅក្នុងក្រុមកុមារ។ សុខ ខេងបានរៀនសូត្រខ្លះដែរ តែការរៀនសូត្រនោះមានតែមួយពេល ជួនពេលព្រឹក ជួនពេលល្ងាច។ ក្រៅពីទៅរៀន អង្គការបានឲ្យ សុខ ខេង និងកុមារផ្សេងទៀតទៅកាត់ដើមទន្ទ្រានខេត្រយកមកចិញ្ច្រាំធ្វើជី ឬពេលខ្លះត្រូវទៅប្រមូលអាចម៍គោក្របី មកដាក់ក្នុងរណ្ដៅជី។នៅពេលនោះស្រុកព្រែកប្រសព្វនៅក្រោមការគ្រប់គ្រងដោយគណៈតំបន់ឈ្មោះ កែ ពក។ នៅប៉ែកខាងលិចទន្លេប្រជាជនរស់នៅតាម ភូមិ ឃុំ ហូបតែបបរទេ មានខែខ្លះធ្លាក់ខ្លួនហូបបបរលាយពោត ឬលាយត្រកួនផងក៏មានដែរ។
នៅក្នុងអំឡុងឆ្នាំ ១៩៧៧ សុខខេង និងកុមារមួយចំនួនទៀតត្រូវអង្គការចាត់តាំងឲ្យទៅចាំចាបស្រូវប្រាំង។ ដោយភាពស្រេកឃ្លានក្រុមកុមារចាំចាបទាំងអស់ បានធ្វើអន្ទាក់ដាក់តាមមាត់ត្រពាំងចាប់បានសត្វស្លាបជារឿយៗដូចជា កុក មាន់ទឹក ទាព្រៃ និងមាន់ព្រៃជាដើម។ កុមារទាំងនោះបាននាំគ្នាបង្កាត់ភ្លើងអាំងបោចនៅកន្លែងចាំចាបដែលពេលខ្លះមានអំបិលជ្រលក់ហើយពេលខ្លះហូបសាបក៏មាន។
ក្រោយមក អង្គការមានការរឹតបន្តឹងកាន់តែខ្លាំងឡើងៗដោយមានកងឈ្លបដើរស៊ើបតាមក្រោមផ្ទះនៅពេលយប់។ យើងមិនអាចនិយាយគ្នាបានទេ ព្រោះអាចត្រូវអង្គការចោទថាជំនុំគ្នាក្បត់បដិវត្តន៍ និងត្រូវយកទៅសម្លាប់ចោល។ នៅចុងឆ្នាំ ១៩៧៧ ឪពុករបស់ សុខ ខេង ត្រូវអង្គការចោទថាជាប់និន្នាការរដ្ឋការចាស់ និងជាប់ខ្សែក្បត់។ កាលនោះមានឡានឃ្លុបសម្រាប់ចាប់កម្មាភិបាលនៅតាមមូលដ្ឋានដែលជាប់ខ្សែក្បត់ ហើយឡាននោះតែងតែបើកឆ្វែលជារៀងរាល់សប្តាហ៍។ មធ្យោបាយនៃការចាប់មនុស្ស គឺកងឈ្លបហៅប្រជាជនទៅប្រជុំដោយសម្ងាត់មិនចាប់នៅទីសាធារណៈដែលអាចមានប្រជាជនឃើញឡើយ។
ឪពុករបស់ សុខ ខេង ថ្វីត្បិតតែមានតួនាទីជាជួរគណៈនៅតាមមូលដ្ឋាន ប៉ុន្តែគាត់ជាមនុស្សស្លូតបូត មានគុណធម៌ ពុំមានប្រជាជនណាម្នាក់ស្អប់គាត់ឡើយ។ ថ្ងៃមួយអង្គការថ្នាក់លើតម្រូវឲ្យឪពុករបស់ សុខ ខេង ឡើងទៅប្រជុំនៅស្រុកព្រែកប្រសព្វ។ ហេតុតែព្រេងវាសនាខ្ពស់គាត់ត្រូវបានគណៈស្រុកអាណិតស្រឡាញ់ហើយប្រាប់គាត់វិញថា÷
គណៈស្រុក÷ បងឯងត្រឡប់ទៅវិញចុះ ទៅជ្រកកោនជាមួយប្រជាជននៅតាមសហករណ៍ចុះ ព្រោះប្រធានកងប្រធានក្រុមអស់ទាំងនោះ សុទ្ធតែបងឯងជាអ្នកចាត់តាំងឡើង ដូច្នេះពួកវាមុខជាលាក់កំបាំង និងយកអាសារបងមិនខានឡើយ។
ឪពុកសុខ ខេង÷ សមមិត្តប្រធានតើសភាពការណ៍យ៉ាងណាដែរ?
គណៈស្រុក÷ សម្រាប់ខ្ញុំមានតែបណ្ដោយទៅតាមយថាផលហើយ ព្រោះពួកយើងគ្មានផ្លូវអ្វីជាមធ្យោបាយទេ។ ទៅ!បងឯងទៅ ឲ្យស្រូតទៅ ឡានឃ្លុបមកដល់ឥឡូវហើយ។
ឪពុកសុខខេង÷ សូមជូនពរសមមិត្តប្រធានឲ្យជួបតែសំណាងល្អ និងជ័យជម្នះ ខ្ញុំលាសិនហើយ។
ឪពុក សុខ ខេង បានជិះកង់វិលត្រឡប់ពីស្រុកព្រែកប្រសព្វមកកាន់ភូមិសោបក្រោម ឃុំសោប ពោរពេញទៅដោយសេចក្តីទុក្ខព្រួយ។ នៅម៉ោងប៉ុន្មានជា ៥ ល្ងាចម្ដាយរបស់ សុខ ខេង កំពុងអង្គុយបៀកម្លូស្លានៅនឹងមាត់ទ្វារផ្ទះមានការភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងខ្លាំង ពេលប្ដីរបស់គាត់ជិះកង់ចូលមកដល់ក្រោមផ្ទះមានទាំងបង្វិចខោអាវ និងកន្ទេលដោយមានទឹកមុខស្រពាប់ស្រពោន។ ភ្លាមនោះគាត់ក៏សួរឡើងថា ហើយយ៉ាងម៉េចហ្នឹងប៉ាអាខេម ក្រែងថាទៅប្រជុំហ្អី ចុះម៉េចបានជាមានសាក់កាដូ និងកន្ទេរត្រឡប់មកវិញអ៊ីចឹង? ឪពុក សុខ ខេង តបទៅវិញថា ហ៊ឺ!ឯងអើយខ្ញុំត្រូវគេរំសាយពីជួរហើយ។
ក្រោយពួកគាត់ទាំងពីរនាក់បាននិយាយគ្នារអ៊ុះៗមួយស្របក់ធំរួចមក ឪពុក សុខ ខេង ក៏ប្រញាប់យកកង់ជិះដែលជារបស់កម្មាភិបាលទៅប្រគល់ឲ្យគណៈឃុំភ្លាម ព្រោះគាត់ដឹងថា ប្រជាជនគ្មានសិទ្ធិប្រើទ្រព្យសម្បត្តិទាំងអស់នេះឡើយ។ នៅថ្ងៃបន្ទាប់មក ឪពុក សុខ ខេង ត្រូវអង្គការចាត់ឱ្យទៅភ្ជួររស់ដូចប្រជាជនឯទៀតដែរ។ ចំណែកឯម្ដាយ សុខ ខេង មានគភ៌ប្រាំពីរខែបានសុំច្បាប់មេកងសម្រាកពលកម្ម ហើយត្រូវសម្រាកនៅពេទ្យឆ្មបជនបទ។ទម្រាំដល់ថ្ងៃសម្រាល។
មិនយូរប៉ុន្មាន ឪពុករបស់ សុខខេង ត្រូវអង្គការដកចេញពីកងភ្ជួររាស់ ហើយឲ្យទៅដឹកភស្តុភារចូលទៅផ្គត់ផ្គង់ក្នុងការដ្ឋានមួយឈ្មោះថា ការដ្ឋានគោកម្លូ នៅឆ្ងាយពីភូមិសោបក្រោមដែរ ហើយឪពុករបស់ សុខ ខេង ត្រូវបរទេះពីរថ្ងៃ មួយយប់។ កងកម្លាំងនៅការដ្ឋានគោកម្លូភាគច្រើនជាកងចល័តដែលមានយុវជនពេញកម្លាំងធ្វើពលកម្ម។ ឪពុករបស់ សុខ ខេង បានស្នើទៅគណៈដើម្បីឲ្យ សុខ ខេង

បានរួមដំណើរជាមួយគាត់ទៅកាន់ទីនោះ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print