៥ ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤,៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ បានអោយដឹងថា គិតត្រឹមរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសចំនួន ៥២២ ៥៧៧ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបានប្រមាណជាង ២៤,៥៦ លានដុល្លារ កើនឡើង ១០,៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរមានប្រសាន៍ថា ភ្ញៀវបរទេសចាប់ផ្ដើមស្គាល់កម្ពុជា និងបានណែនាំបងប្អូនសាច់ញាតិគេឱ្យមកលេង ខណៈកម្ពុជាមានសុវត្ថិភាព សន្តិសុខ អនាម័យ ដែលទេសចរមកលេងជាបន្តបន្ទាប់។

 

លោកបន្ថែមថា នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែលបានបង្កើតការងារ និងផ្ដល់ប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្មមគ្គុទេសក៏ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។

 

ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ចាប់ពីខែឧសភាហូតដល់ខែតុលា ដោយសម្របសម្រួលបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍។

 

យោងតាមក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ កើនឡើង១៦,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

កម្ពុជារំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ។

 

នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

...

 

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print