ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើយើងមិនពឹងផ្អែកភាគីទី៣ គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យដោះស្រាយទេ ជម្លោះបែបនេះគឺនឹងបន្តរាប់សិបឆ្នាំទៅទៀត ព្រោះថា រដ្ឋាភិបាលប្រទេសនីមួយៗមិនអាចដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ ព្រោះថាប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួននឹងបន្ទោសទាំងសងខាង។
នៅក្នុងឱកាសបើក “សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥” សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រជាពលរដ្ឋអស់ចិត្ត និងដើម្បីឱ្យរដ្ឋាភិបាលសុខស្រួល យើងត្រូវយកបញ្ហានេះឱ្យតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីតែម្តង ហើយកម្ពុជាសន្យាគោរពតាមការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ទន្ទឹមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការបបួលភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាការទុកមុខទុកមាត់ឱ្យភាគីថៃ ហើយយើងរង់ចំាមើលប្រសិនបើមានការគេចវេះណាមួយគឺច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហើយ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទៅកាន់រដ្ឋាភិបាល ប្រើប្រាស់យន្តការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមផ្ដល់អនុសាសន៍ចំពោះរាជរដ្ឋាភិបាលផងដែរ ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើង ដែលរឿងនេះកំពុងតែក្ដីនៅតុលាការ ឬយើងមិនទាន់ដាក់ពាក្យ សូមកុំភ្លេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដូចដែលធ្លាប់បានធ្វើរួចមកហើយ ប្រសិនបើមានការបំពាន យើងវាយទប់នៅកន្លែងក្នុងផ្នែកយោធា ប៉ុន្តែការទូតត្រូវតែទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខ ដូចកាលពីឆ្នាំ២០១១។ សូមកុំភ្លេច UNSC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុខតែនឹងជួយជម្រុញលើកទឹកចិត្ត ឱ្យមានការដោះស្រាយតាមផ្លូវចរចា និងផ្លូវច្បាប់»។
សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៀតថា៖ «កម្ពុជាអត់ចង់មានសង្រ្គាមអីទេ សង្រ្គាមវាលើសពីការគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា កម្ពុជាអត់មានបំណងប្រាថ្នាណាមួយដើម្បីយកទឹកដីនរណាទេ តែសូមរក្សាទឹកដីរបស់ខ្លួន ដែលបង្សល់ទុកដោយអាណានិគមនិយមបារាំង ហើយបានបន្តដោយព្រះបិតាជាតិ ព្រះបរមរតនកោដ យើងអត់ចង់បានរបស់នរណាទេ។ ព្រោះវាបាត់នោះវាបាត់អស់ធំណាស់ទៅហើយ នៅសល់កូនប៉ុនបាតដៃ យើងរក្សាប៉ុណ្ណឹងបានហើយ កុំទៅចង់រកឯណាទៀត»៕ ដោយ ៖ សិលា